(ភ្នំពេញ)៖ ជាមួយនឹងការទទួលបាននូវកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផលរបស់ ក្រសួងរ៉ែ និងថាមពល, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រសួងស្ថាប័ន ដទៃទៀត ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។

ការលើកឡើងរបស់សម្តេចពិជ័យសេនា បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅវិមានឈ្នះឈ្នះជាទីដែល ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបាននាំយកមកតម្កល់ទុក ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសង្ឃឹម និងរំពឹងទុកយ៉ាងមុតមាំថា ក្រសួងស្ថាប័ននានា នឹងបន្តចូលរួមឱ្យកាន់តែសកម្មផុលផុសថែមទៀត នៅក្នុងការផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ»

សម្តេចក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គទេសក៍តេជោសែននេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ ឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះ ឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។

ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្តេចពិជ័យសេនា បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ លោករដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តាមរចនាបថខ្មែរ ទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រ នៅវិមានឈ្នះ ឈ្នះ ក្នុងសារមន្ទីរមគ្គុទេសក៏តេជោសែន តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចបានចាត់ទុកថា សមិទ្ធផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីសមត្ថភាព និងប្រសិទ្ធភាពនៃការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ល្លៀសវៃ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន «ប្រកបដោយភាពម្ចាស់ក្នុងការថែរក្សាសមិទ្ធផលនៃសង្គមជាតិ តាមទ» សស្លោក «អរគុណសន្តិភាព» «ស្រលាញ់ សន្តិភាព» «មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់»