(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៨ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ បន្ថែមទៀត។ អ្នកវិជ្ជមាននេះ រួមមានយោធិន ពលរដ្ឋស្រុកជីក្រែង និងពលរដ្ឋទើបវិលត្រឡប់មកពីប្រទេសថៃ។

រដ្ឋបាលខេត្តសៀមរាប បានអ្នកវិជ្ជមានជំងឺកូវីដ១៩ ករណីទី១ ដល់ទី៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះករណីទី៦ ដល់ទី១៣ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយឡែក ករណីទី១៤ ដល់ទី២០ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃទី៨ ខែមិថុនា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕