(ភ្នំពេញ)៖ មហាអំណាចចិន បានសម្រេចផ្តល់ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាចំនួន៥លានដូសទៀត នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ដោយក្នុងនោះមាន៥០ម៉ឺនដូសជាជំនួយ និង៤.៥លានដូស ជាការបញ្ជាទិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ការបញ្ជាក់អំពីការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅក្រុងឆុងឈីង ប្រទេសចិន នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រសួងការបរទេសបញ្ជាក់ថា លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផល កសិកម្ម បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។

«ដើម្បីបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគ សម្ភារៈ វេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

ទន្ទឹមគ្នាជាមួយនឹងការបញ្ជាក់អំពីការសម្រេចផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាក្នុងខែមិថុនានេះ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា វ៉ាក់សាំងចំនួន១លានដូស ដែលក្នុងនោះមាន ៥០ម៉ឺនដូស និង៥០ម៉ឺនដូសជាការបញ្ជាទិញ ក៏ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាផងដែរ។

កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងដែលទិញពីចិន ៤លានដូសរួចហើយដែរ ពោលសរុបមាន ៥ជើង។ ជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ ក្រៅពីនេះ កម្ពុជាបានទទួលសាំងស៉ីណូហ្វាមជំនួយរបស់ចិន ២.២លានដូស (ជំនួយ៣លើកមុនសរុប ១.៧លានដូស និងជំហានទី៤ ដឹកមកព្រឹកមិញ ៥០ម៉ឺនដូស)។ វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់អង្គការសុខភាពពិភពលោក តាមយន្តការខូវ៉ាក់ ៣២៤,០០០ដូស។

ក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា-ចិន, ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យ កាន់តែស៉ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត លើវិស័យ ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាង ជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍ វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោក ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១ -២០២១)។ លោកបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាន នូវសមិទ្ធផលដ៏ធំធេង ក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់ សច្ចាប័នលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង ប្រទេសទាំងពីរផងដែរ៕