(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងកូវីដ១៩ យោធភូមិភាគទី៥ រួមនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានព្រមានចាត់វិធានការរដ្ឋបាលទៅលើបុគ្គល និងក្រុមហ៊ុនទាំងឡាយនៅក្នុងក្រុងប៉ោយប៉ែត ដែលមិនព្រមសហការផ្តល់ព័ត៌មាន និងយកសំណាក។

ការព្រមានបែបនេះធ្វើឡើងក្រោយមានបុគ្គលមួយចំនួនដើរញុះញង់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ កុំឱ្យទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងផ្តល់ព័ត៌មានពាក់ព័ន្ធនានា។

ក្នុងដំណើរចុះពិនិត្យទីតាំងបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន និងថ្នាក់ដឹកនាំខេត្ត បានកំណត់ពេលវេលាដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកទទួលខុសត្រូវ អនុវត្តឱ្យបានដាច់ខាតតាមវិធានការសុខាភិបាល និងតាមសំណូមអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុត ដើម្បីធានាបាននូវការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា «ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម រួមជាមួយឣាជ្ញាធរមូលដ្ឋាន ដើម្បីធានាកំុឱ្យមានការឆ្លងរីករាលពីតំបន់មួយទៅតំបន់ផ្សេងៗទៀត ឬឆ្លងចូលសហគមន៍។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ»។

សូមបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យោធភូមិភាគទី៥ បានត្រៀមរួចជាស្រេច រួមមានក្រុមគ្រូពេទ្យយកសំណាក ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង និងកងកម្លាំងអន្តារគមន៍ តាមបណ្តាខេត្តទាំង៤ របស់យោធភូមិភាគទី៥ ឆ្លើយតបតាមសូមពរគណៈបញ្ជាការខេត្តនិមួយៗ។

លោកឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្នុងក្រុងប៉ោយប៉ែត ដែលកំពុងប្រឈមការឆ្លងរីករាលដាលជំងឺកូវីដ១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ឱ្យបានជាដាច់ខាត ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជនពីជំងឺកូវីដ១៩៕