(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ករណីក្រុមអ្នកសារព័ត៌មានដែលបានវាយតប់គ្នាកាលពីប៉ុន្មានថ្ងៃមុននោះបានដោះស្រាយបញ្ចប់គ្នា ក្រោមកិច្ចសម្របសម្រួល និងអធ្យាស្រ័យពីលោក ស្រី ចំរើន នាយកការផ្សាយគេហទំព័រ BNN ដែលយល់ព្រមទទួលយកការសុំទោស និងសំណងថវិកាមួយចំនួនពីលោក ជឹម សាន ចាងហ្វាងការផ្សាយគេហទំព័រ C007 សម្រាប់ព្យាបាលមុខរបួស។

ការដោះស្រាយបញ្ចប់នេះធ្វើឡើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានការយកចិត្តទុកសម្របសម្រួលទាំងពីរភាគី ពីលោកអធិការខណ្ឌដូនពេញ ព្រមទាំងមន្រ្តីនៃប៉ុស្តិ៍នគរបាលខណ្ឌដូនពេញផងដែរ។

នៅក្នុងលិខិតសុំទោសរបស់លោក ជឹម សាន ផ្ញើជូនលោក ស្រី ចំរើន បានរៀបរាប់ថា «ខ្ញុំសូមសម្តែងនូវការសោកស្តាយនូវអ្វីដែលកើតមានឡើង និងសុំទោសនូវរាល់កំហុសឆ្គងទាំងអស់ ទៅកាន់ជនរងគ្រោះ និងសូមសន្យាមិនឲ្យមានករណីបែបនេះកើតឡើងលើកទី២ទៀតទេ»

លោកស្រី ចំរើន បានថ្លែងអំពាវនាវឲ្យក្រុមអ្នកសារព័ត៌មានទាំងអស់ គួរគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនប៉ះពាល់ពាក្យសម្តី ប្រើប្រាស់អំពើហឹង្សាដាក់គ្នា នៅក្នុងពេលបំពេញបេសកកម្មយកព័ត៌មាន និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។

ក្រោយពីបញ្ចប់បញ្ហាទំនាស់, អ្នកសារព័ត៌មានទាំងពីរស្ថាប័នបានយល់ចិត្តគ្នា និងសន្យាបន្តសហការធ្វើការជាមួយគ្នា ក្នុងនាមអាជីពដូចគ្នាក្នុងវិស័យព័ត៌មាន ដោយមិនមានការគុំគួនគ្នាទៀត ព្រមទាំងរីករាយក្នុងការទទួលយកនេះដោយគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា៕