(ភ្នំពេញ)៖ ការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់សាលាជាតិរដ្ឋបាលមូលដ្ឋាន(កម្ពុជា)»។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៉ីនធឺរណែត ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។

កម្មវិធីនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍របស់ប្រទេសកូរ៉េ នៅក្នុងប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស (HRD) និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRM)។

វគ្គបណ្ដុះបណ្ដាលឆ្នាំទី១ មានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវការយល់ដឹងរបស់អ្នកចូលរួមអំពីសារៈសំខាន់នៃការបណ្តុះបណ្តាល មន្ត្រីរដ្ឋាភិបាល និងដើម្បីបង្កើតផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព ផ្អែកលើការវិភាគគោលនយោបាយរបស់ប្រទេសកម្ពុជា តាមរយៈករណីរបាយការណ៍។

វគ្គបណ្ដុះបណ្ដាលឆ្នាំទី២ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលជាតិ សាលារដ្ឋបាលមូលដ្ឋាន(NASLA) រួមទាំងការរៀបចំនិងការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀនជាដើម និងដើម្បីបង្កើតផែនការសកម្មភាពផ្អែកលើការវិភាគស្ថានភាពបច្ចុប្បន្នរបស់សាលារដ្ឋបាលមូលដ្ឋាន(NASLA)ជាមួយករណីរបាយការណ៍។

ដោយឡែកវគ្គទី៣ ដែលជាវគ្គចុងក្រោយ បណ្តុះបណ្តាលផ្តោតទៅលើការផ្តល់យោបល់អំពីការអនុវត្តផែនការសកម្មភាពដោយពិនិត្យឡើងវិញនូវការបង្ហាញការង្រៀន ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសកូរ៉េ អំពីការគ្រប់គ្រង និងប្រតិបត្ដិការនៃវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលនិងដើម្បីរៀបចំផែនការសកម្មភាពចុងក្រោយ ដោយផ្អែកលើវឌ្ឍនភាពនៃឆ្នាំទី១ និងទី២។

កម្មវិធីនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីក្រសួងមហាផ្ទៃ រួមមាន នាយកដ្ឋានបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិកនិង រដ្ឋបាលថ្នាក់ក្រោមជាតិ មកពីខេត្តរតនគីរី ខេត្តពោធិសាត់ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងចំណោមសិក្ខាកាមទាំង ២២នាក់ មានសិក្ខាកាមចំនួន៦នាក់ ដែលជាអភិបាលរងខេត្ត មកពីខេត្តរតនគីរី ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ កោះកុង និងកំពង់ធំ។

ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសជាដៃគូ កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។ លើសពីនេះទៀត កយកាបានបញ្ជូនអ្នកស្ម័គ្រចិត្តជាង៧៦០នាក់ និងបានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រហែល៣១០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ។

រដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខរបស់កូរ៉េ ក្នុងវិស័យ ដូចជាការវិនិយោគដោយផ្ទាល់ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកវិទ្យាព័ត៌មានវិទ្យា សំណង់ ហិរញ្ញវត្ថុ និងអាជីវកម្មអាកាសចរណ៍ ដែលទាំងអស់នេះចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍនៅកម្ពុជា។ សាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តលើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ទាំងនេះដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងឈានដល់កម្រិតខ្ពស់មួយ៕