(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) បានសហការជាមួយអង្គការស្វីសខន់ថាក់ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តនៅភាគឦសាន តាមប្រព័ន្ធវីដេអូអនឡាញ។ កាបណ្ដុះបណ្ដាលនេះមានរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២១។

ពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើ ធ្វើឡើងក្រោមវត្តមានលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លោកប្រធានមន្ទីរទេសចរណ៍ខេត្តរនតគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហា និងមណ្ឌលគិរី និងលោក ស្រូ រិទ្ធី គ្រូបង្គោលអាស៊ាន។

លោក ប៉ាក់ សុខុម បានឱ្យដឹងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កាន់តែមានភាពធន់នឹងវិបត្តិ (Resilient) រាជរដ្ឋាភិបាលបានអនុម័តនូវផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ២០២០-២០២៥ ដែលនឹងក្លាយជាត្រីវិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីធានាដាក់ចេញធានការអន្តរាគមន៍ទាន់ពេលវេលា សំដៅប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់កែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយទាញមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។

លោករដ្ឋលេខាធិការបានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ក្នុងនោះសកម្មភាពសំខាន់នៅក្នុងមុំបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍ រួមមាន៖

១៖ ពង្រឹងលក្ខណៈសម្បត្តិឱ្យបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញ តាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន។

២៖ លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍

៣៖ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថលជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍ (Internship Program)។

៤៖ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។

៥៖ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ ដែលយើងកំពុងតែអនុវត្ត ជាពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះតែម្តង។

គួរជម្រាបថា នេះជាដំណាក់កាលទី២ហើយ (ឆ្នាំ២០២០-២០២៤) ដែលក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បានសហការគ្នាបណ្តុះបណ្តាលដល់ខេត្តគោលដៅចម្បងចំនួន ២ ទៀត នៅភូមិភាគឦសាន រួមមានខេត្តរតនគិរី និងមណ្ឌលគិរី ដែលបច្ចុប្បន្នជាគោលដៅអេកូទេសចរណ៍ដ៏មានសក្កានុពល ជាពិសេសក្នុងបរិទនៃការអភិវឌ្ឍន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍ទេសចរណ៍ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ទើបបានអនុម័តនៅអំឡុងខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងនោះក្រសួងបានព្យាករណ៍ថា នឹងមានកំណើនវិនិយោគលើសម្បទាទេសចរណ៍នានាកាន់តែច្រើន ដែលធ្វើឲ្យតម្រូវការអ្នកជំនាញក៏នឹងមានការកើនឡើងផងដែរ។

លោក ប៉ាក់ សុខុម បានបន្តទៀតថា តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូលនៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្ពុជានឹងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចដែលលោក ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)»។

លោក ជួប រតនា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ក្រៅពីសិក្ខាកាមនៅខេត្តរតនគិរី វគ្គបណ្ដុះបណ្ដាលនេះក៏មានសិក្ខាកាមចូលរួមពីខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងមានចំនួនសរុបប្រមាណ ៤០ នាក់។

លោក ជួប រតនា បានបន្តថា អត្ថប្រយោជន៍នៃការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានប្រាក់ចំណូលខ្ពស់ និងគុណភាពសេវាកម្ម, ក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការទទួលស្គាល់ពីក្រសួងទេសចរណ៍, ក្លាយជាគ្រូបង្គោលអាជីព និងឯករាជ្យ ក៏ដូចជាមានឱកាសភ្ជាប់បណ្ដាញទំនាក់ទំនងល្អនៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ៕