(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ខ្លួន ក្រោយពីបានជះទឹកអាស៊ីទៅលើអតីតប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពី១ឆ្នាំមុន។

លោក ជា សុវណ្ណ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមិថុនានេះថា ប្រតិបត្តិការតាមចាប់ ខ្លួនជនដៃដល់ខាងលើ បានធ្វើឡើងកាលពីម៉ោង ៥៖៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

លោក ជា សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ចំណែកស្រ្តីជាប្រពន្ធ និងជាជនរងគ្រោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ជា សុវណ្ណ បានបន្តថា ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នារយៈមកជនសង្ស័យ បានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះ អស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។

ពេលនោះជនរងគ្រោះមិនព្រមដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២៖១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យក៏បានយកទឹកអាស៊ីតជះលើមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ពេលនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើម យកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

លោក ជា សុវណ្ណ បានបន្តថា ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។

លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជននោះតែម្តង។

ចំណែកស្រ្តីរងគ្រោះ បានបាត់បង់សម្រស់ទាំងស្រុង និងបានលើកដៃសំពះសុំដល់ថ្នាក់ដឹកនាំ ជួយដល់រូបគាត់ផង ព្រោះគាត់គ្មានទីពឹងឡើយ៕