(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីប្រគល់ទូរទស្សន៍ដល់មណ្ឌលសុខភាពចំនួន ៣១មណ្ឌល និងមន្ទីរពេទ្យចំនួន២ មន្ទីរពេទ្យ។

ក្នុងឱកាសនោះប្រធានមន្ទីរសុខាភិបាលខេត្ត បានណែនាំពង្រឹងការងារដល់ប្រធានមណ្ឌលសុខភាព និងមន្ទីរពេទ្យ នូវគោលការណ៍ ៣ចំណុចរួមមាន៖

*ទី១៖ បង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ បញ្ហាជំងឺកូវីដ១៩ ជាបញ្ហាដ៏ចម្បង និងសំខាន់ ប៉ុន្តែជំងឺកូវីដ១៩ គ្រាន់តែជាបញ្ហាសុខភាពមួយបន្ថែមលើបញ្ហាសុខភាពសាធារណៈជាច្រើនដែលយើងបានផ្តល់សេវាថែទាំ និងព្យាបាល ជូនប្រជាពលរដ្ឋកន្លងមក និងត្រូវតែយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ១៩ និងមិនត្រូវភ្លេចការផ្តល់សេវាសុខភាពផ្សេងៗទៀតជូនប្រជាពលរដ្ឋឡើយ។

*ទី២៖ ពង្រឹងលើការវាយតម្លៃហានិភ័យជូនប្រជាពលរដ្ឋដែលមកពីរាជធានី និងបណ្តាលខេត្តផ្សេងៗ។ ការសន្និដ្ឋាន កម្រិតហានិភ័យរបស់ពួកគាត់ត្រូវផ្អែកលើ២ ចំណុចធំៗ គឺទី១៖ ទីកន្លែងដែលពួកគាត់រស់នៅមុននឹងមកដល់ខេត្តព្រះវិហារ និងទី២៖ ថាតើការប្រព្រឹត្តរបស់ពួកគាត់ប្រចាំថ្ងៃប្រឈមនឹងជំងឺកូវីដ១៩ យ៉ាងណាដែរ។

ព្រមទាំងបានណែនាំដល់ប្រធានដែលមានភារកិច្ចប្រចាំការនៅប៉ុស្តិ៍ពិនិត្យនៅប្រទល់ខេត្ត និងខេត្តត្រូវប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ព្រោះសម័យនេះជាសម័យសន្តិភាពប្រជាពលរដ្ឋធ្វើដំណើរពេញ២៤ លើ២៤ម៉ោង បើយើងប្រចាំការតែម៉ោងរដ្ឋបាល នោះនឹងមានការខ្វះចន្លោះជាច្រើនដែលអាចនាំឱ្យអ្នកដែលមានជំងឺកូវីដ១៩ ចូលមកដល់ក្នុងខេត្តដោយមិនបានត្រួតពិនិត្យ និងអាចចំលងទៅអ្នកដទៃទៀត។

និងទី៣៖ សូមឱ្យប្រើប្រាស់ទូរទស្សន៍ នេះជាមធ្យោបាយសម្រាប់ចាក់សារអប់រំសុខភាពនៅពេលដែលប្រជាពលរដ្ឋមកទទួលសេវានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ សូមថែទាំទូរទស្សន៍នេះឱ្យបានល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែង៕