(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ សមាគមរាជសីហ៍ បានប្រារព្វរៀបចំពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។

បន្ទាប់ពីទទួលបានការប្រកាសតែងតាំងជាផ្លូវការពីសមាគមរាជសីហ៍រួចមក លោក អ៉ឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន បានឡើងធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងស្វែងរកដៃគូសហការ នៅប្រទេសជប៉ុនក្នុងគោលបំណងគៀងគររកជំនួយឧបត្ថម្ភនិងគាំទ្រក្នុងវិស័យមនុស្សធម៌ អាហារូបករណ៍ ដោះស្រាយនិងសម្រួលការលំបាកនានារបស់របស់សមាជិកសមាគម និងប្រជាជនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន។

ទន្ទឹមនេះលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ក៏បានចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងមានចំណាប់អារម្មណ៍មួយចំនួនសម្រាប់ សមាគមរាជសីហ៍សាខាប្រទេសជប៉ុន ដោយបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ចំនួន៦ចំណុច មានជាអាទិ៍៖

*ទី១៖ សមាជិក សមាជិកាសមាគមរាជសីហ៍ ត្រូវគោរព និងអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់រដ្ឋាភិបាលឲ្យបានល្អប្រសើរ

*ទី២៖ គោរព និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគមរាជសីហ៍ ព្រមទាំងគិតគូអំពីរបៀបរបបការងារដឹកនាំនិងគ្រប់គ្រង សមាជិកសមាគមន៍

*ទី៣៖ តាមដាន និងក្តាប់ឲ្យជាប់នូវស្ថានការសេដ្ឋកិច្ច និងសង្គមដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារមនុស្សធម៌របស់សមាគមន៍

*ទី៤៖ ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីឲ្យពួកគេមានទំនុកចិត្តទៅលើការងារសមាគមនិងផ្តល់ជំនួយដល់សមាគមន៍

*ទី៥៖ ត្រូវមានស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងសមាគម

*ទី៦៖ ត្រូវគិតគូទៅដល់កម្លាំងបន្តវេន ដោយធ្វើយ៉ាងណាត្រូវធ្វើការអប់រំស្មារតីស្នេហារជាតិបរិសុទ្ធដល់ស្រទាប់យុវជន។

ជាមួយគ្នានេះដែរលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអបអរសាទរទៅដល់លោក អ៊ឺម ឌឺប៉េរ៉េ ដែលទទួលបានសេចក្តីទុកចិត្តពីគណៈកម្មាធិការប្រតិបត្តិសមាគម ក្នុងការតែងតាំងរូបលោក ជាប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន។

ប្រធានសមាគមរាជសីហ៍ក៏បានមានប្រសាសន៍ផ្តាំផ្ញើនិងក្រើនរំលឹកផងដែរទៅដល់ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញនិងគ្រប់ខេត្ត ឲ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នឹងការងារដោយត្រូវបង្កើនការអនុវត្ត សកម្មភាពការងារមនុស្សធម៌របស់ខ្លួនឲ្យរិតតែសកម្មថែមទៀត ព្រមទាំងត្រូវរួបសាមគ្គីភាពគ្នាជាធ្លុងមួយដោយធ្វើកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំសមាគម និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់សមាគមរាជធានី-ខេត្ត ក្នុងគោលដៅធ្វើឲ្យសម្រេចបានជោគជ័យនូវចក្ខុវិស័យនិងបេសកកម្មរួមរបស់សមាគមរាជសីហ៍ថ្នាក់កណ្តាល៕