(កូរ៉េខាងត្បូង)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាល និងរោងចក្រផលិតរបស់ក្រុមហ៊ុន LS Electric កន្លងមកប៉ុន្មានសប្តាហ៍មុននេះ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានស្នើជំរុញក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពបំពាក់បច្ចេកវិទ្យាទំនើបបន្ថែម ដោយសហការជាមួយក្រុមហ៊ុន Onion ជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើប្រាស់អគ្គិសនីដំបូងបំផុតនៅកម្ពុជា។

កន្លងមក ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក ពោលកាលពីថ្ងៃទី២២ ខែមេសា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូល និងថ្ងៃទី២៥ ខែឧសភា នៅរោងចក្រផលិតរបស់ ក្រុមហ៊ុន LS Electric នាទីក្រុង Cheongju ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសេដ្ឋកិច្ច និងស្វែងយល់ដំណើរការផលិតគ្រឿងអេឡិកត្រូនិក នៃរោងចក្រវ័យឆ្លាត (Smart factory) ដែលអាចជំរុញល្បឿនចង្វាក់ផលិតកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ឡុង ឌីម៉ង់ បានយកឱកាសនោះជំរុញក្រុមហ៊ុន LS Electric នេះ ក្នុងការសហការជាមួយក្រុមហ៊ុន Onion ជាក្រុមហ៊ុនផលិតម៉ូតូកង់បី ប្រើប្រាស់អគ្គិសនីដំបូងបំផុតនៅកម្ពុជា ដែលកន្លងមកស្ថានទូតបានសម្របសម្រួលជាមួយស្ថាប័ននានានៅកម្ពុជា ដើម្បីបានសហការវិនិយោគលើផ្នែកបច្ចេកវិទ្យា និងការផលិតម៉ូតូកង់បីបែបឆ្លាតវ័យនៅកម្ពុជា។

ជាលទ្ធផលក្រុមហ៊ុន LS នឹងយកមកសំណើរនេះទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការសហការជាមួយស្ថានទូត ដើម្បីបាននាំយកបច្ចេកវិទ្យាផលិតដ៏ទំនើបនេះទៅបំពាក់នៅរោងចក្រផលិតនានានៅកម្ពុជានាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន LS Electric ជាក្រុមហ៊ុនធំលំដាប់ពិភពលោក មានរោងចក្រចំនួន៨ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន៤ ដៃគូ Subsidiaries ចំនួន ១៣ និងមានសាខាចែកចាយចំនួន ១៦នៅទូទាំងពិភពលោក។ ផលិតផលសំខាន់ៗ របស់ LS Electric មានឧបករណ៍បំបែកសៀគ្វី និងកុងតាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ ២.៦លានគ្រឿងឯណោះ។

ឧបករណ៍ទាំងនេះអាចប្រើប្រាស់បានសម្រាប់ជាមុខងារប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជាឧបករណ៍ដទៃទៀតដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម។

ក្នុងដំណើរទស្សនកិច្ចផងដែរ លោកប្រធានក្រុមហ៊ុន Koo Ja-kyun បានលើកឡើងថា ទាំងចំណេះដឹង និងបទពិសោធដ៏សំបូរបែបផ្នែកបច្ចេកវិទ្យា និងការវិនិយោគរបស់ LS Electric នៅលើពិភពលោក អាចបង្កើតភាពជាដៃគូជាមួយប្រទេសអាស៊ាន ដើម្បីបង្កើតតម្លៃថ្មី និងឱកាសប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មដ៏សំបូរបែប ជាពិសេសអាចសហការលើការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម។

លោកប្រធានក្រុមហ៊ុន LS Electric ក៏បាននាំបណ្តាទូតអាស៊ានទៅពិនិត្យមើលទីតាំងផ្នែក G-sector ដែលជាផ្នែកសំខាន់នៃខ្សែផលិតកម្មវ័យឆ្លាតរបស់រោងចក្រ។ ទីតាំងផ្នែក G sector នេះមាននូវខែ្សផលិតកម្មវ័យឆ្លាត ដែលមានការធ្វើស្វ័យប្រវត្តិកម្មទាំងស្រុង ក្នុងការតម្លើងសម្ភារៈអេឡិកត្រូនិកនានា រួមទាំងការធ្វើតេស្ត និងវេចខ្ចប់ផងដែរ ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ ២០ប៊ីលានវ៉ុន (១៨លានដុល្លារ) ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

បើតាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្ម ត្រូវបានកាត់បន្ថយដល់ពាក់កណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់ ៦០% រីឯការប្រើប្រាស់ថាមពលបានថយចុះ ៦០% ហើយអត្រាផលិតផលដែលមានការខូចខាតក្នុងដំណើរការផលិតកាត់បន្ថយមកនៅត្រឹមតែ ៧ ឯកតាប៉ុណ្ណោះក្នុង១លានឯកតាផលិត៕