(ស្វាយរៀង)៖ ក្នុងរយៈពេល២ថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនជូនស្ត្រីមានផ្ទៃពោះវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ដោយសុវត្ថិភាពជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ។ បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមលោកបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានបង្កើតកូនឱ្យស្ត្រីដែលឆ្លងជំងឺកូវីដ១៩ បានចំនួន ២ករណីហើយ និងមានស្ត្រីដែលឆ្លងកូវីដ១៩ កំពុងពពោះជិតគ្រប់ខែម្នាក់ទៀត នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតក្នុងស្រុករំដួល ក៏ក្រុមគ្រូពេទ្យត្រៀមបង្កើតកូនឱ្យផងដែរ»

បើយោងតាមមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថាកាល ពីវេលាម៉ោង៧៖៥នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលមានវិជ្ជមានកូវីដ១៩ មានអាសយដ្ឋាននៅ ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺដោយជោគជ័យ ដោយទទួលបានកូនស្រីម្នាក់ ទម្ងន់៣គីឡូក្រាម។

ស្ត្រីវិជ្ជមានកូវីដ១៩ ម្នាក់ទៀត កំពុងធ្វើចត្តាឡីស័ក និងព្យាបាលមានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រូវបានក្រុមគ្រូពេទ្យខេត្តស្វាយរៀង បន្តជួយសម្រាលកូន កាលវេលាម៉ោង៦៖២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ទទួលបានកូនស្រីម្នាក់ទម្ងន់ ២,៨ គីឡូក្រាមបានដោយសុវត្ថិភាព។

មន្ទីរសុខាភិបាលពេទ្យខេត្តស្វាយរៀង បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ មានស្ត្រីដែលមានវិជ្ជមានកូវីដ១៩ បានឆ្លងទន្លេចំនួន៨ករណីហើយ ដែលត្រូវបានក្រុមគ្រូពេទ្យខេត្តស្វាយរៀង ជួយបង្កើតកូនបានដោយជោគជ័យជាបន្តបន្ទាប់។

ស្ត្រីដែលទើបសម្រាលបានកូនស្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ នៅខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសម្រាលកូន រហូតទទួលបានជោគជ័យនៅពេលនេះ ហើយកងទ័ពអាវ-ស តែងតែខិតខំក្នុងការព្យាបាលជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង បានជាសះស្បើយជាបន្តបន្ទាប់៕