(មូស្គូ-វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នា ពីគម្រោងដកទ័ពចេញពីប្រទេសស៊ីរី ដែលការវិវឌ្ឍនេះបានកើតឡើងបន្ទាប់ពីប្រទេស រុស្ស៊ីបញ្ជាកងកម្លាំងទ័ពអាកាសរបស់ខ្លួន មួយផ្នែកធំឲ្យបញ្ឈប់សកម្មភាព នៅស៊ីរីផងដែរ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦។

កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំក្រុងវ៉ាស៊ីនតោន និង មូស្គូ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ តែម្តង ដោយក្នុងនោះលោក ពូទីន បានលើកឡើងថា «ការដកទ័ពចេញដោយគ្មានលក្ខខណ្ឌ នឹងជាសញ្ញាល្អប្រសើរមួយ ចំពោះគ្រប់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសស៊ីរី ព្រមទាំងជាការ​បង្កើតបរិយាកាសល្អ សម្រាប់ដំណើរការ ស្វែងរកសន្តិភាពពិតប្រាកដផងដែរ»

ដោយឡែកលោក អូបាម៉ា វិញក៏បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នានេះដែរថា «ការកាត់បន្ថយអំពើ ហិង្សាឲ្យមកនៅទាបបំផុត គឺស្របតាមគោលការណ៍របស់អន្តរជាតិ ហើយមានតែការធ្វើអន្តរកម្មនយោបាយ នោះទេទើបអាចបញ្ឈប់អំពើហិង្សា នៅស៊ីរីបាន»

លោក អូបាម៉ា និងលោក ពូទីន បានបង្ហាញជំហរដូចគ្នា ចំពោះការអនុវត្តឲ្យបានពេញលេញនូវ បទឈប់បាញ់គ្នា ក្នុងប្រទេសស៊ីរី ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន ស្របតាមដំណោះស្រាយលេខ២២៦៨ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ៕