(សៀមរាប)៖ ត្រីមេពូជ និងសត្វស្លាបជាច្រេីនក្បាលនៅតំបន់អភិរក្សពារាំង ក្នុងខេត្តសៀមរាប បានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសង្ស័យបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។

បឹងពារាំងជាតំបន់អភិរក្ស ត្រីមេពូជនិងសត្វស្លាប ជាច្រើនប្រភេទ មានទីតាំងស្ថិតនៅ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោក សឿន សំបូរ ប្រធានអភិរក្សនៃសហគមន៍ទេសចរណ៍បឹងពារាំង បានប្រាប់ថា ដោយប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុុក្តៅ និងទឹករាក់ទៀត ធ្វើឲ្យទឹកក្តៅខ្លាំង ជាហេតុបណ្ដាលឲ្យត្រីមេពូជាច្រើន បានងាប់ជាបន្តបន្ទាប់ គួរឲ្យមានការព្រួយបារម្ភ។ ត្រីដែលបានងាប់នោះ មានដូចជាត្រីសណ្តាយ ត្រីក្រពាត់ និងត្រីក្រាយ សរុបប្រមាណជិត១០០គីឡូក្រាម។

ចំណែកសត្វស្លាបវិញ ក៏មានឈឺ និងខ្លះឈានដល់ងាប់មួយចំនួនផងដែរ។ គ្រូពេទ្យសត្វមកពីបណ្តាអង្គការអភិរក្ស និងពេទ្យសត្វមកពីមន្ទីកសិកម្ម កំពុងព្យាបាលសត្វដែលឈឺនោះ។

លោក សឿន សំបូរ បន្តថា សហគមន៍កំពុងរៀបចំ វិធីដើម្បីសង្គ្រោះ ត្រីមេពូជនេះ ដោយបុកអណ្តូងធំមួយ និងជីកស្រះទំហំធំហេីយជ្រៅ បន្ទាប់មកបូមទឹកដាក់ ។

គួររំលឹកផងដែរថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចាប់ផ្តើមបញ្ជូនគ្រឿងចក្រចូលបឹងពារាំង បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានយល់ព្រមតាមសំណើរសហគមន៍ ខណៈដែលបឹងនេះគោករីងស្ងួតខ្លាំងនារដូវប្រាំងឆ្នាំនេះ ។ ការងារនេះបានដំណើរការជាបណ្ដើរៗហើយ តែជីកក្នុងទំហំកូនស្រះតូច ដែលមិនអាចសង្រ្គោះត្រីជាច្រើនបាន៕