(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ រួមសកម្មភាពដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកជូននូវព្រះរាជអំណោយជាម៉ាស់ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ជូនមន្ត្រីរាជការ បុគ្គលិក កម្មករ រាជង្គរក្ស កងកម្លាំងនគរបាលបម្រើការងារក្នុងព្រះបរមរាជវាំង។

សម្តេចចៅហ្វាវាំង ព្រះរាជតំណាងបានជម្រាបជូនពីព្រះរាជបណ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ដោយព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះលោក លោកស្រី អ្នកនាងកញ្ញាគ្រប់រូប ជាកូនចៅរបស់ព្រះអង្គបំរើការងារគ្រប់ផ្នែកក្នុងព្រះបរមរាជវាំង។

សម្តេចចៅហ្វាវាំង បានជម្រាបជូននូវសេចក្តីកោតសរសើរដោយស្មោះស្ម័គ្រ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនអ្នកបម្រើការងារក្នុងព្រះបរមរាជវាំង ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា ដោយយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងកិច្ចការបម្រើជាតិ និងការចូលរួមដង្ហែតាមព្រះរាជសកម្មភាពផ្នែកសង្គមកិច្ចមនុស្សធម៌ ព្រះរាជសកម្មភាពទ្រទ្រង់វិស័យស្ថាបនាសង្គម និងការបំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមផ្សេងទៀតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមចំណែកធ្វើឱ្យព្រះអង្គមានលទ្ធភាពក្នុងការបម្រើប្រទេសជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជាទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់ជាដរាបតរៀងមក។

ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យមង្គលជូនលោក លោកស្រី និងអ្នកនាងកញ្ញាគ្រប់រូបជាមន្ត្រីរាជការ បុគ្គលិក កម្មករ រាជង្គរក្ស កងកម្លាំងនគរបាល បម្រើការនៅព្រះបរមរាជវាំងទាំងអស់ សូមសម្រេចទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងកិច្ចការបម្រើជាតិ និងបានប្រកបនូវព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចចៅហ្វាវាំងបានជួយក្រើនរំលឹកដល់មន្ត្រីរាជការ បុគ្គលិក កម្មករ រាជង្គរក្ស កងកម្លាំងនគរបាលបម្រើការងារក្នុងព្រះបរមរាជវាំង ត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួនជានិច្ចនូវគោលការណ៍របស់រាជរដ្ឋាភិបាល មាន ៣ការពារ៖ ១. ត្រូវតែពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ, ២. ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់, ៣. រក្សាគម្លាតសុវត្ថិភាពសង្គម និង ៣កុំ៖ មាន១. កុំទៅទីប្រជុំជនមានមនុស្សច្រើន, ២. កន្លែងបិទជិតគ្មានខ្យល់ចេញចូល, និង៣. កុំចាប់ដៃគ្នា ឬឱបថើបគ្នាជាដើម ដើម្បីទប់ស្កាត់ការឆ្លងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសង្គមជាតិ។

ព្រះរាជអំណោយព្រះមហាក្សត្រ ដែលសម្តេចចៅហ្វាវាំង និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានចែកជូនដល់មន្ត្រីរាជការ បុគ្គលិក កម្មករ រាជង្គរក្ស កងកម្លាំងនគរបាល បម្រើការងារក្នុងព្រះបរមរាជវាំងមានចំនួនសរុប ១,០១៦នាក់ ក្នុងម្នាក់ៗទទួលបានម៉ាស់ចំនួន ៣២បន្ទះ។ កូនចៅបម្រើការងារគ្រប់ផ្នែកក្នុងព្រះបរមរាជវាំង សូមសម្តែងនូវសេចក្តីរំភើបត្រេកអរ ដោយឥតឧបមា និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ។

កូនចៅសូមថ្វាយព្រះសព្ទសាធុការពរដ៏មហាបវរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបនូវព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕