(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានទទូចស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ដើម្បីឈានដល់ការដោះលែង យុវជន គង់ រ៉ៃយ៉ា និស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យខេមរៈ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីអំពាវនាវប្រមូលគ្នា ធ្វើបដិវត្តន៍ពណ៌ លើបណ្តាញសង្គម Facebook កាលពីឆ្នាំមុន។

ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងស្របពេលដែល តុលាការគ្រោងប្រកាសសាលក្រមនៃសំណុំរឿង យុវជន គង់ រ៉ៃយ៉ា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ។

នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានសរសេរថា «សូមគោរពសម្តេច ហ៊ុន សែន ខ្ញុំបាទ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមសម្តេចមេត្តាជួយអន្តរាគមន៍ចំពោះរឿងក្តីលើយុវជនគង់ រ៉ៃយ៉ា ដែលតុលាកាចោទប្រកាន់ពីបទ ញុះញង់ធ្វើបដិវត្តន៍ពណ៌ ដោយសកម្មភាពរបស់យុវជន គង់ រ៉ៃយ៉ា មិនបានឆ្លុះបញ្ចាំងគ្រប់លក្ខណៈ ដូចដែលតុលាកាចោទប្រកាន់ឡើយ។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ចង់ឃើញការអនុវត្តច្បាប់ នៅកម្ពុជា អោយមានយុត្តិធម៌បំផុត យុវជន គង់ រ៉ៃយ៉ា គ្មានកំហុសឡើយគ្រាន់តែយុវជនរូបនេះ បញ្ចេញមតិជ្រុលបន្តិចបន្ទួច ក្នុងន័យនេះសូមសម្តេច មេត្តាផ្តល់យុត្តិធម៌ជូនយុវជន គង់ រ៉ៃយ៉ាផង»

កាលពីម្សិលមិញ មិត្តភក្តិរបស់គង់ រ៉ៃយ៉ា មួយក្រុម ក៏បានធ្វើលិខិតស្នើ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយអន្តរាគមន៍ជួយដោះលែងដល់មិត្តភក្តិរបស់គេដែរ។ ក្រុមមិត្តរួមថ្នាក់របស់ រ៉ៃយ៉ា បានលើកឡើងអំពីអំពើល្អរបស់ជនជាប់ចោទ ក្នុងការប្រាស្រ័យទាក់ទងនឹងមិត្តរួមថ្នាក់ ក៏ដូចជា អ្នកនៅជុំវិញ ហើយការពារដល់រ៉ៃយ៉ាថា មិនមានចេតនាក្នុងការធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះទេ៕