(សៀមរាប)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចុះផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកាគណបក្ស ស្ថិតនៅស្នាក់ការគណបក្សស្រុកបន្ទាយស្រី។

លោក ង៉ាន់ ភិរុណ លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ដោយឈរលើការពង្រឹងឯកភាពផ្ទៃក្នុង ទាំងខាង ទស្សនៈគោលជំហ និងសកម្មភាព។

បន្ថែមលើការផ្សព្វផ្សាយ អំពីឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោកបានលើកយកនូវការណែនាំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់សមាជិកសមាជិកា នៅតាមូលដ្ឋាន អនុវត្តន៍ និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានឆាប់រហ័ស ដែលរួមមាន៖

* ទី១៖ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយ នាពេលនេះ ដែលជាការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ និងការងារអាទិភាព របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ត្រូវធ្វើការផ្សព្វផ្សាយកាលបរិច្ឆេទ នៃការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត ជូនដល់គណៈកម្មាធិការគណបក្សឃុំ សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព តាមការណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ សាងសង់ កែសម្រួល និងកែលម្អទីស្នាក់ការគណបក្ស ដូចជា ស្លាកសញ្ញា និងឈ្មោះគណបក្ស បដា ពាក្យស្លោក ប៉ាណូ និងរៀបចំកម្លាំងឲ្យមានវត្តមានប្រចាំការនៅទីស្នាក់ការគណបក្សជាប្រចាំ។ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំពិធី និងកិច្ចប្រជុំផ្សេងៗ ឲ្យបានសមស្រប តាមសភាពការណ៍ជាក់ស្ដែង ពិសេសត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមវិធានការ «៣ការពារ និង៣កុំ»។ ត្រូវពង្រឹងរបៀបរបបធ្វើការងារឲ្យបានច្បាស់លាស់ ដូចជា ការប្រជុំ ការរៀបចំបូកសរុបលទ្ធផលការងាររបស់ខ្លួនឲ្យបានជាប់ជាប្រចាំ តាមសេចក្ដីណែនាំរបស់គណបក្សបានកំណត់។

* ទី២៖ បន្តតាមដានសកម្មភាព គណបក្សនយោបាយនៅតាមមូលដ្ឋាន ដើម្បីកំណត់គោលការណ៍ដឹកនាំ ទិសដៅភារកិច្ច និងវិធានការអនុវត្តបានត្រឹមត្រូវ ទាន់ពេលវេលា ធានាការថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ លើកស្ទួយជីវភាពប្រជាជន និងពុះពារជំនះបានរាល់បញ្ហាប្រឈម និងហានិភ័យ។ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព ខិតខំលើកកម្ពស់សមត្ថភាពរបស់គណបក្ស ក្នុងប្រព័ន្ធនយោបាយ លើមូលដ្ឋានក្តាប់ជាប់ ការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សារបៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឈានឆ្ពោះទៅដណ្ដើមជោគជ័យបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣នាពេលខាងមុខ។

* ទី៣៖ ជំរុញការផ្សព្វផ្សាយអប់រំសមាជិកគណបក្ស និងមហាជនឲ្យបានជាក់ស្ដែងទូលំទូលាយពីសមិទ្ធផល លើគ្រប់វិស័យ គោលការណ៍ គោលនយោបាយ និងវិធានការនានារបស់គណបក្ស និងរាជរដ្ឋភិបាល ព្រមទាំងឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដើម្បីលើកកម្ពស់ចលនាមហាជនចូលរួម ប្រកបដោយភាពជាម្ចាស់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បន្តអប់រំ ផ្សព្វផ្សាយនយោបាយដល់ជួរ មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ និងយុវជនគណបក្ស លើកកម្ពស់គុណធម៌ សីលធម៌ និងសមត្ថភាពបម្រើប្រជាជន ព្រមទាំងស្មារតីអ្នកបន្តវេន ប្រកបដោយការទទួលខុសត្រូវ។

* ទី៤៖ បន្តកសាង ពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយ របស់គណបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាព ដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយសមាជិកគណបក្ស និងមហាជន។ ពង្រឹងស្ថាប័ន ជំនួយការរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តភាពការងារ និងជួយមន្ត្រីជំនាញបន្តវេន សម្រាប់អនាគត។

បន្តជំរុញការរៀបចំ និងការពង្រឹងគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្ស ក្រុមបក្សដើម្បីធានាការដឹកនាំនៅមូលដ្ឋាន ការគ្រប់គ្រង អប់រំ ថែបំប៉ន និងកសាងពង្រីកសមាជិកគណបក្ស និងការងារចលនាមហាជនចូលរួមអនុវត្តកម្មវិធីនយោបាយ និងគោលការណ៍នានារបស់គណបក្ស។ បន្តជំរុញការកសាងពង្រីកសមាជិកគណបក្ស ដោយយកចិត្តអំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្ត្ររបស់គណបក្ស គឺ «សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្ស មួយសន្លឹក»

បន្តពង្រឹងជួរមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកឲ្យមានធាតុពិតស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញាការពារបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់ និងដោះស្រាយបាតុភាពអសកម្ម របស់មន្ត្រីគណបក្សដោយភាពម៉ឺងម៉ាត់។ ជំរុញការចុះជួបប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពង្រីកសមាជិកថ្មី នៅតាមមូលដ្ឋានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដែលជាទម្រង់នៃបទពិសោធន៍ ពិសេសមួយ សម្រាប់កម្ពុជាក្នុងការពង្រឹងរបបពហុបក្សនិយម។

* ទី៥៖ កសាងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ លើមូលដ្ឋាន ក្តាប់ជាប់ការប្តេជ្ញាចិត្ត ជាយុទ្ធសាស្ត្ររបស់គណបក្ស និងបទពិសោធន៍ នៃការបោះឆ្នោតមុនៗ យកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមប្រតិទិនការងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខិតខំរៀបចំសមាសភាពបេក្ខជនឲ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសឲ្យបាននូវបេក្ខជន វ័យក្មេង និងបេក្ខនារី ដែលប្រជាជនក្នុងមូលដ្ឋានស្រលាញ់រាប់អាន គាំទ្រ និងជឿទុកចិត្ត ព្រមទាំងបង្កលក្ខណៈសម្បត្តិ ឲ្យសមាសភាពបេក្ខជនទាំងនោះ ធ្វើសកម្មភាពឲ្យបានល្អថែមទៀត។

* ទី៦៖ គណៈកម្មាធិការបក្សស្រុក សហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ រួមគ្នារៀបចំគម្រោងផែនការថវិកា សម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា៕