(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញ ទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០កន្លងទៅ។

ក្នុងឱកាសនោះ ក៏មានការចូលរួមអមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ, លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ទំនប់អាងទឹកចំការតែ មានទីតាំងស្ថិតនៅលើខ្នងភ្នំគិរីរម្យ ដែលមានកម្រិតរក្សាទឹកអតិបរមាប្រមាណ៧លានម៉ែត្រគូបនេះ បានទទួលរងនូវជំនន់ទឹកភ្លៀង ហូរបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ ដែលបានបន្សល់ទុកតាំងពីសម័យសង្គម និងដោយសាររងឥទ្ធិពលពីព្យុះ បានកើតមានបន្តបន្ទាប់ រួមជាមួយបរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីកំឡុងខែតុលា ឆ្នាំ២០២០ នាពេលភ្លាមៗនោះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ជួសជុលជាបន្ទាន់ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។

នៅដើមឆ្នាំ២០២១នេះ ក្រសួងបានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ៖

* ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ម៉ែត្រ
* សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
* សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
* ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
* ជួសជុលសំណង់បង្ហៀរ ០១កន្លែង។

ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួង ដែលបានខិតខំបំពេញកិច្ចការងារ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗ មួយចំនួន និងណែនាំដល់មន្ទីរត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ការផ្តត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានា ក្នុងតំបន់ផងដែរ៕