(ប៉ារីស)៖ ការិយាល័យវិភាគ និងអង្កេតនៃសុវត្ថិភាពអាកាសចរណ៍ស៊ីវិលបារាំង (BEA) បានបញ្ជាក់នៅក្នុងរបាយការណ៍ស៊ើបអង្កេតចុងក្រោយរបស់ខ្លួនថា ការធ្លាក់នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings កាលពីខែមីនា ឆ្នាំ២០១៥ គឺបណ្តាលមកពីចេតនានៃសហអ្នកបើកបរ ដែលមានជំងឺផ្លូវចិត្ត នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។ 

«ការធ្លាក់បុកលើផ្ទៃដី គឺដោយសារតែចេតនា និងសកម្មភាពគ្រោងទុកនៃសហអ្នកបើកបរ ដែលបានសម្រេចធ្វើអត្តឃាត ខណៈនៅម្នាក់ឯងក្នុងបន្ទប់បើកបរយន្តហោះ» នេះបើតាមការិយាល័យ BEA បានឲ្យដឹងតាមរយៈរបាយការណ៍។

ប្រភពខាងលើបន្តថា លោក Andreas Lubitz ជាសហអ្នកបើកបរបានទទួលរងជំងឺផ្លូវចិត្ត និងរោគសញ្ញាវិកលចរិត ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៤។ សហអ្នកបើកបររូបនេះ បានរង់ចាំរហូតដល់ខ្លួននៅមានតែម្នាក់ឯង ក្នុងបន្ទប់បើកបរ បន្ទាប់មកបានកំណត់ ដាក់យន្តហោះឲ្យបើកបរដោយស្វ័យប្រវត្តិ ទម្លាក់ចុះមកផ្ទៃដី។ ជាវិធានការដើម្បីការពារនូវ គ្រោះមហន្តរាយបែបនេះទៀត ការិយាល័យ BEA បានស្នើឲ្យក្រុមអាជ្ញាធរ ផ្តោតការយកចិត្តទុកដាក់ ទាមទារឲ្យមានការផ្តល់ការថែទាំសុខភាពរបស់អ្នកបើកបរ និងសហសេវិកយន្តហោះ ព្រោះវាអាចមានការប៉ះពាល់ដល់ សុវត្ថិភាពសាធារណៈ។

សូមរំលឹកថា យន្តហោះប្រភេទ Airbus 320 របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ប្រទេសអាល្លឺម៉ង់ បានធ្លាក់នៅភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ខណៈធ្វើដំណើរពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ ដោយបានសម្លាប់មនុស្ស១៥០នាក់ ជិះនៅលើនោះ៕