(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការស្នើសុំលិខិតឆ្លងដែនផ្លូវការ និងការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ សម្រាប់មន្រ្តីកម្ពុជា នេះបើយោងតាមលិខិតដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។

នៅក្នុងសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ កន្លងមកថ្មីៗនេះមានមន្រ្តីកម្ពុជាមួយចំនួនតូចនៅក្នុងក្រសួង ស្ថាប័នខ្លះ បានស្នើសុំលិខិតឆ្លងដែនផ្លូវការ និងប្រើប្រាស់លិខិតឆ្លងដែនផ្លូវការកម្ពុជា ដោយមិនត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល និងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជៀសវាងកុំឲ្យមានបញ្ហាបែបនេះ កើតមានជាបន្តបន្ទាប់ទៅថ្ងៃមុខ និងធានាឲ្យបាននូវការប្រើប្រាស់​លិខិតឆ្លងដែនផ្លូវការកម្ពុជាឲ្យបានត្រឹមត្រូវ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ឲ្យពិនិត្យបេសកកម្មឲ្យបានហ្មត់ចត់បំផុត មុននឹងស្នើសុំលិខិតឆ្លងដែនផ្លូវការពីក្រសួងការបរទេសកម្ពុជា។

ក្រោយពីបញ្ចប់បេសកកម្មនៅក្រៅប្រទេស មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវរក្សាទុកលិខិតឆ្លងដែនផ្លូវការដោយខ្លួនឯង ហើយត្រូវ​ប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនេះឲ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ខុសគោលដៅដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល និងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការស្នើសុំលិខិតឆ្លងដែនផ្លូវការ និងការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការសម្រាប់មន្រ្តីកម្ពុជា៖