(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ។

តាមសាររំលែកមរណទុក្ខនេះ លោក គង់ វិបុល បានឱ្យដឹងថា «ខ្ញុំមានការរន្ធត់ចិត្តនិងក្រៀមក្រំបំផុត ដោយបានទទួលដំណឹងឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នាថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំដោយរោគាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ដែលជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់លោកឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អីវតឹក សូមបានទៅសោយសុខ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។

បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕