(កំពង់ស្ពឺ)៖ ក្រុមកម្មករ-កម្មការិនីនៅរោងចក្រធានធាន មានទីតាំងស្ថិតភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលថៅកែមិនទូទាត់ប្រាក់សំណង និងបានរត់ចោលអស់​រយៈពេលជាង​កន្លះឆ្នាំហើយនោះ (ថ្ងៃ ១៥ សីហា ឆ្នាំ២០១៥ -រហូតដល់បច្ចុប្បន្ន) នៅមិនទាន់មានដោះស្រាយឫការសម្រេចណាមួយនៅឡើយទេ ហើយសំណុំរឿងនេះ​កំពុងតែនៅក្នុងដៃ​តុលាការខេត្តកណ្តាល។

ដោយសារតែការដោះស្រាយតាមនីតិវិធីរបស់តុលាការខេត្តយឺតដូចស្តរតាំងម៉ែនោះ បានធ្វើឲ្យក្រុមកម្មករទាំងអស់ស្ទើរដាច់បាយទៅហើយ ហើយអ្នកខ្លះត្រូវបង្ខំចិត្តខ្ចីបំណុលគេ និងខ្លះទៀតរហូតទៅខ្ចី​អង្ករគេ​យកមកដាំបាយហូបទៀតផង។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ រង់ចាំដោយអស់សង្ឃឹម ក្រុមកម្មករសរុបចំនួន ១៦៤នាក់នេះ បានមកជួបគ្នានៅខាងមុខរោងចក្រ ដើម្បីអំពាវនាវដល់ប្រមុខដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល គឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មេត្តាជួយអន្តរាគមន៌ដោះស្រាយ បញ្ហាសំណងប្រាក់ខែដល់ពួកគេផង ពីព្រោះមានតែលោកទាំង២ទេ ដែលអាចជួយរកដំណោះស្រាយបាន បើពឹងលើតុលាការ និងមន្រ្តីពាក់ព័ន្ធនោះ ទោះរង់ចាំមួយសហវត្សន៌ទៀត ក៏មិនចេញលទ្ធផលដែរ។

តំណាងក្រុមកម្មករបានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះថា «ពួកខ្ញុំពិតជា អស់សង្ឃឹមទៅលើប្រព័ន្ឋដោះស្រាយតាមនីតិច្បាប់នេះហើយ ដោយសារតែ​ប្រើរយៈពេលយូរពេក អស់សង្ឃឹម ជីវិភាពខ្វះខាត ស្ទើរដាច់បាយ ចឹងមានតែសង្ឃឹមលើថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត»

ជុំវិញបញ្ហានេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ជាបទពិសោធន៌នាពេលកន្លងទៅ គឺឲ្យតែថៅកែរោងចក្ររត់ចោលក្រុមកម្មករ នោះតុលាការនឹងចេញ​សេចក្តី​សម្រេចមួយលក់ឡៃឡុងសម្ភារ និងទ្រព្យសម្បត្តិផ្សេងៗរបស់រោងចក្រ ដើម្បីយកលុយទាំងនោះមកទូទាត់ឲ្យក្រុមកម្មករ តែសម្រាប់ករណីនេះ ជាងកន្លះឆ្នាំទៅហើយតុលាការខេត្តកណ្តាល មានការយឺតយ៉ាវនីតិវិធីយ៉ាងខ្លាំង ជាហេតុនាំឲ្យក្រុមកម្មករត្រូវប្រឈមមុខការលំបាកជាច្រើនលើជីវភាពប្រចាំថ្ងៃ ដូចជាការចំណាយលើផ្ទះជួល ថ្លៃហូបចុកប្រចាំថ្ងៃ...។

លោក សោម អូន បានផ្តល់គំនិតថា រដ្ឋមន្រ្តីក្រសួងការងារគួរតែខ្ចីលុយពីរដ្ឋ (ថវិកាបុរេប្រទាន) ដើម្បីបើកជូនក្រុមកម្មករសិន រួចហើយចាំទូទាត់ជាមួយរោងចក្រនៅពេលក្រោយ ៕

កម្មកររោងចក្រធានធាន និងដាច់បាយបើសិនជានីតិដោះស្រាយនៅតែសាំញាំ យឺតយ៉ាវ និង អូសបន្លាយតទៀត !!------------------រោងចក្រធានធាន មានទីតាំងស្ថិតភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលថៅកែមិនទូទាត់ប្រាក់សំណងកម្មករ និងបានរត់ចោលអស់រយៈជិតមួយឆ្នាំហើយនោះ (ថៅកែថ្ងៃទី ១៥ សីហា ឆ្នាំ២០១៥ -រហូតដល់បច្ចុប្បន្ន)នៅមិនទាន់បានដោះស្រាយនៅឡើយ ហើយសំនុំរឿងនេះកំពុងតែនៅក្នុងដៃតុលាការខេត្តកណ្តាល ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ រង់ចាំដោយអស់សង្ឃឹម ...កម្មករសរុបចំនួន ១៦៤នាក់នេះបានមកជួបគ្នានៅខាងមុខរោងចក្រ ដើម្បីអំពាវនាវដល់ប្រមុខដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល គឺ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជួយអន្តរាគមន៏ដោះស្រាយ បញ្ហាសំណងប្រាក់ខែដល់ពួកគេ។ តាមសម្លេងអំពាវនាវរបស់កម្មករហាក់បីដូចជាអស់សង្ឃឹមទៅលើប្រព័ន្ឋដោះស្រាយតាមនីតិច្បាប់នេះហើយ ដោយសារតែប្រើរយៈពេលយួរពេល អស់សង្ឃឹម ជីវិភាពខ្វះខាត ស្ទើរដាច់បាយ ចឹងមានតែសង្ឃឹមលើថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ ៕

Posted by SOM Aun Page on Sunday, March 13, 2016