(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដោយទុករយៈពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូតខាតឡើយ។

ជាក់ស្តែងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាងលោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរ លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យណែនាំដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំងរួមមាន៖

*ទី១៖ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ
*ទី២៖ នៅមាត់ទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ
*ទី៣៖ នៅចំំណុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។

បន្ទាប់ពីបានអានខ្លឹមសារ នៅក្នុងសេចក្តីជូនដំណឹង និងបានស្តាប់ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ យល់ព្រមអនុវត្តតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ តែសុំពន្យារពេលថែមទៀត ដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែ នីមួយៗសុទ្ធតែកូនត្រីទើប និងដាក់ចូលចិញ្ចឹម។

ការស្នើសុំពន្យាពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់អ្នករស់នៅលើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើកយកមកពិចារណានិងសម្រេចនៅពេលក្រោយ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុករយៈពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូតខាតឡើយ៕