(ភ្នំពេញ)៖ ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រើនបានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណា នៅតែមានមន្ត្រីមួយចំនួនតូច អនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។

លោក ស ថេត ណែនាំថា មន្ត្រីទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ។ បើមានករណីយឺតយាវ និងបម្រើប្រជាពលរដ្ឋមិនបានល្អ សូមទាក់ទងទូរស័ព្ទលេខ 069 516 999៕