(ភ្នំពេញ)៖ សម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្ដីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បាននិងកំពុងប្រព្រឹត្តទៅ នៅថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំនោះដែរ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) គ្រោងធ្វើសេចក្ដីថ្លែងការណ៍តាមរយៈវីដេអូថតទុកជាមុន ដែលមានផ្សាយបន្ដផ្ទាល់នៅលើគេហទំព័រអង្គការសហប្រជាជាតិ (http://webtv.un.org/live) និង Channel Youtube របស់អង្គការសហប្រជាជាតិ (United Nations: http://www.youtube.com/user/unitednations)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ACU បញ្ជាក់ថា ចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំនៃប្រទេសចំនួន ១៨៦ រួមទាំងកម្ពុជា
ដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) និងអង្គការថ្នាក់តំបន់ អន្តរជាតិ និងស្ថាប័ននានាក្នុងវិស័យប្រឆាំងអំពើពុករលួយ ជួបជុំគ្នានៅក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតស្តីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (UNGASS) ដែលត្រូវបានសម្រេចឱ្យរៀបចំនៅពាក់កណ្តាលឆ្នាំ២០២១ ដើម្បីអនុម័តលើសេចក្តីប្រកាសនយោបាយ ដែលមានលក្ខណៈច្បាស់លាស់ និងផ្តោតលើសកម្មភាព ស្របតាមសេចក្តីសម្រេចលេខ 73/191 នៃមហាសន្និបាត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ជានីតិវិធី រដ្ឋភាគីអាចធ្វើសេចក្តីថ្លែងការណ៍ថតទុកជាមុន ដើម្បីចាក់ផ្សាយនៅក្នុងកិច្ចប្រជុំ។

សូមគូសបញ្ជាក់ផងដែរថា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ត្រូវបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣ និងបានចូលជាធរមាននៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០០៥ ដែលបច្ចុប្បន្នមានរដ្ឋភាគីចំនួន ១៨៦។ កម្ពុជាបានចូលជារដ្ឋភាគីនៃ UNCAC នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៧។

UNCAC មានគោលបំណង៖

១៖ លើកកម្ពស់ និងពង្រឹងវិធានការបង្ការ និងប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល
២៖ លើកកម្ពស់ សម្របសម្រួល និងគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយបច្ចេកទេសក្នុងការបង្ការអំពើពុករលួយ រួមមានការបញ្ជូនមកវិញនូវទ្រព្យដែលជាផលនៃបទល្មើស
៣៖ លើកកម្ពស់សុចរិតភាព គណនេយ្យភាព និងការគ្រប់គ្រងត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងកិច្ចការសាធារណៈ៕