(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានសម្តែងនូវសមានទុក្ខ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង ពោរពេញទៅដោយក្តីសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក សូមបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ។

សូមបញ្ជាក់ថា ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង ២៖២៥ នាទី រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។ សពរបស់លោកនឹងត្រូវបូជានៅមេរុមុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕