(ភ្នំពេញ)៖ សម្តេចតេជោបានកត់សម្គាល់ឃើញថា អត្រាការប្រាក់ឥណទាន ប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាននិន្នាការថយចុះជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមក ដោយបានថយចុះពី៣៦% ក្នុងឆ្នាំ២០០៦ មក៣២% ក្នុងឆ្នាំ២០០៩ បានថយចុះដល់ ២៧.៥% ក្នុងឆ្នាំ ២០១២ និង រហូតដល់ ២៣.៧% ក្នុងឆ្នាំ ២០១៥។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសនិសីទជាតិ ស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

សម្តេចបានថ្លែងថា «រំពឹងថា អត្រាការប្រាក់ឥណទានប្រចាំឆ្នាំ របស់គ្រឹះស្ថានមីក្រូហិវញ្ញវត្ថុ នឹងថយចុះបន្តបន្ទាប់ទៀត ។ ការថយចុះនេះ គឺបណ្តាលមកពីការអនុវត្តយន្តការទីផ្សារ ដែលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង ដោយតម្លាភាព សំដៅពង្រឹង គុណភាពនៃសេវា និងផលិតផលហិរញ្ញវត្ថុ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ទៀតថា មានកត្តាសំខាន់ចំនួន៤ ដែលជាកត្តាពន្លឿនកំណើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះមាន ទី១-គោលនយោបាយគាំញា និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល, ទី២-ក្របខ័ណ្ឌបទប្បញ្ញត្តិ និង ការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន របស់ធនាគារជាតិនៃកម្ពុជា, ៣-ភាពរស់រវើក និងការច្នៃប្រឌិតរបស់ប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុ និង ទី៤-តម្រូវការ និងការគាំទ្ររបស់អតិថិជន ដោយយល់ឃើញពីសារៈសំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ៕