(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២ ខែមិថុនា នេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១នាក់ និងអ្នកជាសះស្បើយ១នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានថ្មីនេះមានឈ្មោះ មាស ម៉ៅ ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាប្អូនរបស់ឈ្មោះ នួន ហាន់ ភេទស្រី អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែឧសភា។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ ទៀត ឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៥នាក់ បានព្យាបាលជាសះស្បើយចំនួន៦៨នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕