(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ដើម្បីចៀសផុតពីហានិភ័យផ្សេងៗ និងចំណាយពេលវេលាច្រើន ក្នុងការដឹកអ្នកជំងឺកូវីដ-១៩ ពីខេត្ត មកកាន់រាជធានីភ្នំពេញ ក្រសួងសុខាភិបាល បានផ្គត់ផ្គង់នួវសម្ភារបរិក្ខារវេជ្ជសាស្ត្រជាបន្តបន្ទាប់ និងពង្រឹងលើការងារគ្រប់គ្រង និងព្យាបាលជំងឺកូវីដបន្ថែមដល់មន្ត្រីនៅមន្ដ្រីតាមមូលដ្ឋាន។

ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងឱកាសចុះណែនាំពង្រឹងការងារ និងផ្តល់ម៉ាស៊ីនជំនួយដង្ហើមមួយចំនួន ដល់មន្ទីរពេទ្យបង្អែកខេត្ត តាកែវ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ការចុះពង្រឹងការងារមន្ដ្រីរបស់យើងនៅតាមមូលដ្ឋានសុខាភិបាល និងផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយចំនួននេះ គឺដើម្បីបង្កើនប្រសិទ្ធភាពព្យាបាលកូវីដនេះ ឲ្យកាន់តែមានគុណភាព ទាំងកម្រិតស្រាល និងធ្ងន់ ដោយមិនចាំបាច់បញ្ជូនអ្នកជំងឺពីខេត្ត ទៅកាន់រាជធានីភ្នំពេញ ដើម្បីចៀសផុតពីហានិភ័យផ្សេងៗ និងចំណាយពេលវេលាច្រើនជាដើម»

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបន្តថា «បច្ចុប្បន្ននេះ មន្ត្រីតាមមូលដ្ឋានរបស់យើង បានគ្រប់គ្រងលើការងារកូវីដ-១៩ បានយ៉ាងល្អ ដោយព្យាបាលអ្នកជំងឺកូវីដ ឲ្យជាសះស្បើយបានច្រើន ដោយមិនចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញ ទោះករណីអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ»។

ជាក់ស្តែង នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ គ្រូពេទ្យមានភាពក្លាហ៊ាន ហើយព្យាបាលអ្នកជំងឺកូវីដ បានជាសះស្បើយជាបន្តបន្ទាប់។ គិតត្រឹមរសៀលនេះ អ្នកឆ្លងសរុបចំនួន ១,០៦៥នាក់ បានជាសះស្បើយចំនួន ៦៥១នាក់, និងសម្រាកសម្រាកព្យាបាលចំនួន ៤៦៩នាក់។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល ក៏បានបន្តជំរុញលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ បន្តថែទាំអ្នកជំងឺ និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យយល់ពីវិធានសុខាភិបាលបានត្រឹមត្រូវ ពិសេសយកចិត្ដទុកដាក់លើពលរដ្ឋ ជាកម្មករ កម្មការិនី នៅតាមរោងចក្រ ។លើសពីនេះ រួមគ្នាគោរពវិធានការ ៣ការពារ ៣កុំ ឲ្យខ្ជាប់ខ្ជួន។

ទន្ទឹមនោះនឹង មន្ដ្រីសុខាភិបាលយើង ត្រូវឯកភាពគ្នា សាមគ្គីភាពគ្នា ខិតខំប្រឹងប្រែងប្រតិបត្ដិការងារ ឱ្យបានម៉ត់ចត់តាមផែនការ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕