(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ខ្លួនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាគម្រោងលើកដំបូង ដើម្បីធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ បង្ហូរចូលទៅក្នុងបឹងជើងឯកឱ្យបានត្រឹមត្រូវសំដៅរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅនៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងតំបន់ជុំវិញបឹងជើងឯក។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា នេះ បានឱ្យដឹងថា ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះ នឹងដំណើរការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤រួមមាន៖

ទី១៖ ចាក់បំពេញដីទំហំប្រមាណ ៣ហិកតា ជាប់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

ទី២៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ទី៣៖ សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។

ទី៤៖ ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១.៧គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ និងក្រាលកៅស៊ូ អាស្វាល់ទទឹង ៧ម៉ែត្រ ដើម្បីជីកដាក់បំពង់លូដែកទំហំ ០.៣០ម៉ែត្រ ប្រវែង ១.៨៤គីឡូម៉ែត្រ ពីសំណង់បូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម។

រដ្ឋបាលរាជធានីភ្នំពេញ បន្តឱ្យដឹងថា ដើម្បីចាប់ផ្តើមដំណើរការអនុវត្តគម្រោង ក្រុមហ៊ុនសាងសង់ នឹងរៀបចំសាងសង់ការិយាល័យសម្រាប់ការដ្ឋាន ឃ្លាំង និងធ្លាទុកដាក់សម្ភារៈសំណង់ ជាបណ្តោះអាសន្ន នៅលើកំណាត់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលើកំណាត់ផ្លូវសម្រាប់ថែទាំប្រឡាយផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់លើស្មារតីយោគយល់ និងការចូលរួមសហការដ៏ល្អ របស់ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យការអនុវត្តគម្រោងខាងលើនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

ការអនុវត្តន៍គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយរំដោះទឹកក្នុងរាជធានីភ្នំពេញ បានកាន់តែប្រសើរ ព្រមទាំងបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា៕