(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ទិត្យ ផុន ភេទប្រុស អាយុ ៧៩ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិមហាសេនា ឃុំតាផន ស្រុកត្រាំកក់ ខេត្តតាកែវ។

បុរសរូបនេះ បានធ្វើដំណើរចេញពីភូមិមហាសេនា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ទៅស្នាក់នៅផ្ទះជួលម្តុំទំនប់កប់ស្រូវ ខ័ណ្ឌសែនសុខ។ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលពីរាជធានីភ្នំពេញ ទៅខេត្តរតនគិរី តាមរថយន្តម៉ាកតូយ៉ូតាស៊ីណា ស្លាកលេខ ភ្នំពេញ 2I.8853 និងបានចូលទទួលទានអាហារនៅហាងបាយយីហោ «៩៩៩៩», ចូលចាក់ហ្គាស នៅជិតផ្សារជ្រៃ ម្តុំឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់មកបានចូលទទួលទានអាហារនៅចំណុច អូរពងមាន់ ខេត្តស្ទឹងត្រែង។

បន្ទាប់មកបន្តដំណើរទៅដល់ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង ចំណុចស្ពានស្រែពក ឃុំស្រែអង្រឹង ស្រុកកូនមុំ ខេត្តរតនគិរី ក្រុមគ្រូពេទ្យប្រចាំការបានយកវត្ថុវិភាគលទ្ធផលវិជ្ជមានកូវីដ-១៩ លើឈ្មោះ ទិត្យ ផុន និងអ្នករួមដំណើរ០៨នាក់ទៀតអវិជ្ជមាន។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នករួមដំណើរត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមទៅធ្វើវត្ថុវិភាគ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់ក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត៕