(ភ្នំពេញ)៖ លោក អ៊ុំ វណ្ណះ មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈ នៃក្រុមហ៊ុន អេនវីស៊ី ខបភើរ៉េសិន វីតាល់ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២១៦ បាននាំយកនូវថវិកាមូលនិធិ២៥រៀល របស់វីតាល់ ចំនួន៣ពាន់យ័ន ប្រហែលជាង ៣០០ដុល្លារអាមេរិក ទៅប្រគល់ជូនដល់គ្រួសារនិស្សិត គីម ម៉េងហួរ ភេទប្រុស អាយុ ២៤ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃទីក្រុងគុនមីញ ខេត្តយូណាន់ ប្រទេសចិន ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលបានធ្លាក់ខ្លួនឈឺចូលសំរាកនៅមន្ទីរពេទ្យ តាំងពីថ្ងៃទី០៥ ខែមីនា មកម្លេះ ដោយជំងឺខ្វះគោលិការក្រហម ឬជំងឺមហារីកគ្រាប់ឈាម។

នៅក្នុងពិធិប្រគល់ និងទទួល ដែលបានធ្វើឡើងនៅលំនៅដ្ឋាន ក្នុងខណ្ឌទួលគោក បើតាមលោក គីម ពេជ្រ អាយុ៥១ ឆ្នាំ ដែលត្រូវជាឪពុកនិស្សិត គីម ម៉េងហួរ បានឲ្យដឹងថា កូនប្រុសរបស់គាត់ គឺជានិស្សិតត្រៀមបញ្ចប់ថ្នាក់បរិញ្ញា នៅសាលាស៊ីតិច ហើយបានជាប់ជានិស្សិតអាហារូបករណ៍ខេត្តយូណាន ប្រទេសចិន សិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំំនាញកុំព្យូទ័រ បានចាកចេញពីប្រទេសកម្ពុជា ទៅសិក្សានៅទីនោះ តាំងពីឆ្នាំ២០១៤។ គេគឺជាកូនប្រុសច្បងរបស់លោក ក្នុងចំណោមបងប្អូន៣នាក់ ដែលមានម្តាយឈ្មោះ សោម សុខ លីម អាយុ៤៩ឆ្នាំ។

បើតាមលោក គីម ពេជ្រ លោកបានទទួលដំណឹង ពីនិស្សិតដែលសិក្សានៅប្រទេសចិន និងស្នាក់នៅជាមួយកូនប្រុសគាត់ ថាកូនប្រុសគាត់ គីម ម៉េងហួរ បានចូលមន្ទីពេទ្យ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ។ បន្ទាប់ពីការពិនិត្យពីក្រុមគ្រូពេទ្យឯកទេសបានប្រាប់ថា គីម ម៉េងហួរ គាត់មានជំងឺខ្វះគោលិការឈាមក្រហម ដោយសារពាង្គកាយរបស់គាត់ មិនអាចផលិតគោលិកាឈាមក្រហម ដោយខ្លួនឯងបានគឺត្រូវការបញ្ចូល គោលិកាឈាមក្រហម ខណៈគោលិកាឈាមក្រហមរបស់គាត់ធ្លាក់ចុះនៅសល់តែ ៣០% ប៉ុណ្ណោះ ហើយជាងនេះទៀតក្រលៀនទាំងពីររបស់គាត់មិនដំណើរការ ដូច្នេះត្រូវការប្រើម៉ាស៊ីនដើម្បីលាងឈាមគាត់រាល់ថ្ងៃ ដែលមកទល់ពេលនេះមានរយៈពេល ០៩ថ្ងៃហើយ។ ដោយស្ថានភាពធ្ងន់ធ្ងរ ដូច្នេះតម្រូវឲ្យឪពុកម្តាយនិស្សិត គីម ម៉េងហួរ ចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅមើលថែគាត់នៅប្រទេសចិន ខណៈគាត់មានក្រុមហ៊ុនធានារ៉ាប់រង ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងអាចជួយបានមួយផ្នែក ដូចជាការចំណាយក្នុងការស្នាក់នៅក្នុងមន្ទីពេទ្យ និងថ្នាំធម្មតា តែជំងឺរបស់គាត់ត្រូវការប្រើថ្នាំមួយចំនួន ដែលមានតំលៃថ្លៃ ដែលជាបន្ទុកចំណាយដោយខ្លួនឯង។

លោក អ៊ុំ វណ្ណះ បានឲ្យដឹងថា ដោយមើលឃើញការលំបាក និងដើម្បីជួយសម្រួលការលំបាកខ្វះខាត មូលនិធិ២៥រៀលរបស់ក្រុមហ៊ុន ទឹកពិសាវីតាល់ ក៏បាននាំយកនូវថវិកាមូលនិធិនេះ ចំនួន៣ពាន់យ័ន ប្រហែលជាង៣០០ដុល្លាអាមេរិក ប្រគល់ជូនឪពុកម្តាយនិស្សិត គីម ម៉េងហួរ ដើម្បីចូលរួមជាសោហុយ សំរាប់ការចំណាយជាក់ស្តែង នៅពេលពួកគាត់ទាំង២ ធ្វើដំណើរទៅកាន់ខេត្តយូណាន ប្រទេសចិន ដើម្បីមើលថែកូនប្រុសរបស់គាត់នៅទីនោះ៕