(កែប)៖ អាជ្ញាធរខេត្តកែប បានប្រកាសពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ថ្មីបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តកែប សូមបញ្ជាក់ថាបុគ្គលវិជ្ជមានទាំងអស់នេះ មានប្រវត្តិធ្វើដំណើរមកពី តំបន់កាស៊ីណូ «សុខ គឹមម៉េង» ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅខេត្តកែប។ បុគ្គលវិជ្ជមានទាំងនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ របស់ខេត្តកែប។

ដោយឡែក ចំពោះបុគ្គលប៉ះពាល់ជាមួយករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បាននឹងកំពុងស្វែងរកអ្នកប៉ះពាល់បន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែបទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងតំបន់កាស៊ីណូ «សុខ គឹមម៉េង» ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកម្តៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០៩២ ៧៧០ ៩៩០ ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕