(ភ្នំពេញ)៖ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារសូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយលោកជំទាវ ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក។

ក្នុងសាររំលែកទុក្ខ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ឡាយ នារី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានសេចក្តីក្តុកក្តួលវិយោគសោកសៅក្រៃលែង បន្ទាប់ពីទទួលដំណឹង ដ៏សែនក្រៀមក្រំបំផុត ដោយឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានធ្វើអនិច្ចកម្មកាលពីថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម ត្រាំ ស៊ីវតឹក គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាក្មេក ជា ទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះភរិយា និងក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ ចិត្ត និងស្មារតី ជាប្រចាំក្នុងការចូលរួមអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទូរគមនាគមន៍ ទាំងលើផ្នែកទន់ និងលើផ្នែករឹង។

ក្នុងបរិការណ៍ដ៏សែនសោកសង្រេងបំផុតនេះ យើងខ្ញុំ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ នៃសព និងសូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ត្រាំ អឺរ៉ុវតឹក បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕