(ភ្នំពេញ)៖ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក សារ៉ាក់ ខាន់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារសូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយលោកជំទាវ ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក។

ក្នុងសាររំលែកទុក្ខ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយារន្ធត់ចិត្តក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានធ្វើមរណកាល ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ នៅម៉ោង១៤និង២៥នាទីរសៀល ថ្ងៃអង្គារ០៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមមរណទុក្ខ ប្រកបដោយសមានចិត្តសង្វេគស្តាយស្រណោះ អាឡោះអាល័យពន់ពេកក្រៃ។មរណភាពនៃឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានរំលត់បង់នូវចំណងស្វាមី-ភរិយាដ៏ល្អប្រពៃ ក៏ដូចនិរាសពីកូន ចៅ ចៅទួត ជាទីស្រឡាញ់ពិសេសចាកចេញគ្មានថ្ងៃវិលត្រឡប់ពីសហជីវិន សហជីវិនីធ្លាប់បំពេញការងារជាមួយគ្នាដោយកម្សត់កម្រ និង យ៉ាងសកម្ម ទាំងក្នុងរាជរដ្ឋាភិបាល មូលដ្ឋាន និង សង្គម, ដែលត្រូវបានចារឹកទុកជាឥស្សរជនឆ្នើម១រូបប្រកបដោយវរគុណបម្រើ កសាង អភិវឌ្ឍជាតិ មាតុភូមិពេញ១ជីវិត។

ខ្ញុំ និងភរិយាសូមរំឭកបួងសួងគុណបុណ្យព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិមេត្តាប្រោសប្រទាន ចំពោះវិញ្ញាណក្ខន្ធនៃឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានយោនយកកំណើតថ្មី ក្នុងសុគតិភពកុំឃ្លៀងឃ្លាតឡើយ»៕