(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បានចាត់ឱ្យក្រុមការងារយកបច្ច័យជាថវិកាមួយចំនួន ទៅចូលបុណ្យឧបត្ថម្ភដល់គ្រួសារសព លោក យ៉ាវ បូរ៉ា នគរបាលចរាចរណ៍ដែលបានដួលស្លាប់ ពេលបំពេញការងារតាមដងផ្លូវកាលពីរសៀលម្សិលមិញ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានកោតសរសើរដល់ លោក យ៉ាវ បូរ៉ា ថាតែងតែរំឭកកូនចៅទាំងអស់គ្នាឱ្យពាក់មួកការពារសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ នៅពេលដែលលោក នៅមានជីវិត។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងទាំងអស់គ្នាពិតជាសោកស្តាយពន់ពេក ចំពោះការបាត់បង់ លោក យ៉ាវ បូរ៉ា ដែលជាមន្រ្តីនគរបាលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីម្សិលមិញ ក្នុងពេលបំពេញភារកិច្ចថែ រក្សាការពារសុវត្ថិភាពចរាចរណ៍សាធារណៈ»

សម្តេចថា «នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ក្រុមការងារយកបច្ច័យជាថវិកាទៅចូលបុណ្យឧបត្ថម្ភដល់គ្រួសារសព និងសូមឧទ្ទិសកុសលជូនដល់ លោក យ៉ាវ បូរ៉ា សូមបានទៅកាន់សុគតិភព។ សូមអរគុណប្រជាពលរដ្ឋដែលបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពទាំងអស់គ្នា។ អ្វីដែលយើងចងចាំទាំងអស់គ្នាគឺ លោក យ៉ាវ បូរ៉ា តែងតែរំឭក និងប្រាប់ដល់កូនចៅទាំងអស់ឱ្យពាក់មួកការពារសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍គ្រប់ៗពេល»

ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋរួមទាំងមន្រ្តីរាជការទាំងអស់ បើកបរគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការស្លាប់បាត់បង់មន្រ្តីនគរបាលចរាចរណ៌ លោក យ៉ា បូរ៉ា ដែលបានស្លាប់ ក្នុង ពេលបំពេញតួនាទីបម្រើសណ្តាប់ធ្នាប់ចរាចរណ៌នៅថ្ងៃនេះ។ ជាការពិត នេះគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់របស់ នគរ បាលចរាចរណ៌យើងក្នុងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្ឡុវដោយមិនគិតពីក្តៅឬត្រជាក់ឡើយ។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូនគោរពច្បាប់ចរាចរណ៌ គោរព និងអោយតម្លៃទៅលើ បងប្អូននគរបាលចរាចរណ៌ផងដែរ។ខ្ញុំសូមជ្រើសរើសបទចម្រៀងអប់រំចរាចរណ៌ពីផលិតកម្ម Town ដើម្បីចែករំលែកជូនជនរួមជាតិទស្សនាក្នុង Video ខាងក្រោម ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, March 13, 2016