(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។

យោងតាមសាររំលែកមរណទុក្ខនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីរន្ធត់ក្នុងចិត្តឥតឧបមា និងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងពីមរណភាពរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ»

ក្នុងវេលាដ៏សែនសង្វេគនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុកថា មរណភាពរបស់ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ប្រកបដោយមនសិកាក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា មរណភាពរបស់លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាការបាត់បង់ស្វាមី ដោយកបដោយព្រហ្មវិហារធម៌ដ៏ល្អ ជាឪពុក ជីតាដ៏ឧត្តុង្គឧត្តម ជាទីគោរពស្រឡាញ់បំផុត ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌។

សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។

បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕