(ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២១ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៧២គ្រឿង និងពិន័យជាថវិកាបានជាង ២៤២លានរៀល ដោយចំនួនដឹកល្មើសបានកើនឡើងប្រមាណ ៦% បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២១កន្លងមក មានចំនួន ១៦១គ្រឿង។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ម្ចាស់ រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕