(ត្បូងឃ្មុំ)៖ ស្រះទឹកមានទំហំ១០០ម៉ែត្រ គុណនឹង១០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ស្រះទឹកនេះ សម្រាប់ប្រើប្រាស់ និងស្រោចស្រពដីស្រែ និងដំណាំចំការប្រមាណ ៣១០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសារ រស់នៅ០៣ភូមិ គឺភូមិព្រៃកំពែង ភូមិនាហ្មឺនខឹង និងភូមិព្រៃជង្រុក ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោមវត្តមានលោក ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូលរួមពី លោក កេង ប៊ុនណា អភិបាលរងខេត្ត មន្ទីរជំនាញ អភិបាល អភិបាលរងស្រុក ត្បូងឃ្មុំ និងក្រុមការងារយុវជនខេត្ត។

នាឱកាសនេះដែរ ក៏មានពិធីប្រគល់ទទួលជាផ្លូវការជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋទទួលផល និងគ្រាប់ត្នោត និងដើមត្នោត ជុំវិញមាត់ស្រះទឹកសម្រាប់គុណប្រយោជន៍សម្រស់បរិស្ថាន ទប់ការហូច្រោះបាក់ដី និងប្រើប្រាស់ដល់ផលដំណាំ ស្រែចំការ និងសត្វពាហនៈ នៅរដូវប្រាំងខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ លោក ហាក់ សុខមករា បានសំណូមពរដល់ប្រជាពលរដ្ឋសុំជួយ ចូលរួមថែរក្សាប្រើប្រាស់ស្រះទឹកនេះ ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមបានយូរអង្វែង។

បន្ថែមពីនេះ សូមបន្តគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍនមូលដ្ឋានភូមិឃុំ ស្រុក ខេត្តបន្តទៀត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នូវការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅពេលខាងមុខ៕