(កំពង់ឆ្នាំង)៖ ដើម្បីឆ្លើយតបផែនការហ្វឹកហ្វឺនប្រចាំឆ្នាំលេខ៤៩/២០១៦ ផ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង​យោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ទីបញ្ជាការកងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៦  ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៣រូប មកពីទីបញ្ជាការកង​រាជអាវុធហត្ថ​១៥រូប ចាប់ពី ថ្នាក់ជំនួយការ ដល់នាយការិយាល័យ និងមកពីមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ រួមនិងស្នាក់ការ០៤ ចំនួន៣៨រូប  ចាប់ពីថ្នាក់បុគ្គលិក ជំនួយការ ដល់មេបញ្ជាការ មេ​បញ្ជាការរង ស្រុក-ក្រុង និងស្នាក់ការសន្តិសុខ ។

ថ្លែងក្នុងកិច្ចបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ បានបញ្ជាក់ថា មន្ត្រីអាវុអហត្ថទាំងអស់ជាសិក្ខាកាម​ត្រូវខិតខំយកចិត្តទុក​ដាក់​ដើម្បីបំប៉នចំណេះដឹងផ្នែកជំនាញ និងសីលធម៌អត្តចរិក វិន័យក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ  ដែលកំពុងប្រតិបត្តិការក្នុងមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ ឆ្ពោះទៅការអនុវត្តជាក់​ស្តែងនៅមូល​ដ្ឋាន​របស់ខ្លួន ទទួលបានជំនឿជឿជាក់ពីប្រជាពលរដ្ឋនូវសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ការពារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា សិក្ខាកាមជាមន្ត្រីកងរាជអាវុធហត្ថដែលចូលវគ្គ ចាប់ពីថ្ងៃនេះត្រូវយកចិត្តទុក​ដាក់តាមដានស្តាប់ និងចូលរួមបកស្រាយ​រាល់ចំងល់ដើម្បីស្វែង​យល់​អោយបាន​ស៊ីជម្រៅ​លើខ្លឹមសារមេរៀននីមួយៗ ដើម្បីយល់ដឹងពីច្បាប់ ធ្វើតាមនីតិវិធី  គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ ឈរលើការទទួលខុសត្រូវខ្ពស់ ។

ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សុទ្ធសំអោក ក្នុងនាមជាគ្រូបានថ្លែងថា មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់សិក្សា និងស្វែង​យល់អំពី និតិវិធីក្រមព្រហ្មទណ្ឌ ដើម្បីមានភាពងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចអោយចំគោលដៅ ៕