(កំពង់ស្ពឺ)៖ នាឱកាសអបអរសាទរទិវាបុណ្យកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងមណ្ឌលកុមារកំព្រាភូមិខៃស៍ នៃអង្គការឧបត្ថម្ភកុមារកំព្រា ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីបន្តចែកដល់កុមារកំព្រា ១១៣នាក់ និងអ្នកគ្រប់គ្រង ៣០នាក់ទៀត។

ព្រះរាជអំណោយខាងលើត្រូវបាននាំយកទៅប្រគល់ដល់មជ្ឈមណ្ឌល និងអង្គការទាំងពីរនេះ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង។

សម្តេចចៅហ្វាវាំង បានពាំនាំព្រះរាជបណ្តាំសាកសួរសុខទុក្ខព្រះរាជហឫទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់អ្នកគ្រប់គ្រង និងកុមារាកុមារី រស់នៅក្រោមការគ្រប់គ្រងរបស់អង្គការទាំងពីរនេះ។

សម្តេចចៅហ្វាវាំងបានជម្រាបជូនថា ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជានិច្ចកាលព្រះអង្គតែងតែគិតគូរអំពីសុខទុក្ខ និងការរីកធំធាត់នូវគ្រប់លក្ខណៈសម្បត្តិរបស់កុមារកម្ពុជា ពិសេសកុមារកំព្រា កុមារមានជំងឺផ្សេងៗ និងកុមារអនាថាជាដើម ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យស្រឡាញ់ថ្នាក់ថ្នម និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុងឧត្តម ដល់កុមារជាកូនចៅ របស់ព្រះអង្គដែលជួបការលំបាកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពិសេសនៅក្នុងទិវាបុណ្យកុមារអន្តរជាតិ ១មិថុនា ព្រះអង្គសព្វព្រះរាជហឫទ័យរៀបចំឡើងនូវព្រះរាជពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ដើម្បីអបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ បន្ថែមលើព្រះរាជហឫទ័យទុកដាក់ប្រោសព្រះរាជទាននូវការការពារគាំទ្រ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលកុមារកម្ពុជាមានសិទ្ធិនៅក្នុងសង្គម។

ព្រះរាជគុណូបក្ការៈដ៏ធំធេង ដែលកូនចៅ ចៅទួត មិនអាចបំភ្លេចបាននោះ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានលើកស្ទួយដល់សិទ្ធិសេរីភាពរបស់កុមារកម្ពុជា ដោយបានឡាយព្រះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពី សិទ្ធិសេរីភាពរបស់កុមារកាលពីខែកញ្ញា ឆ្នាំ១៩៩២ ដើម្បីទទួលយកសិទ្ធិសេរីភាពដ៏ត្រឹមត្រូវនេះ មកអនុវត្ត និងគាំពាររក្សាកុមារនៅក្នុងមាតុភូមិកម្ពុជា។

លើសពីនេះ ព្រះអង្គបានយកព្រះរាជហឬទ័យទុកដាក់នៅគ្រប់ពេលវេលា ចំពោះកុមារកម្ពុជា ដូចជាការប្រារព្ធព្រះរាជពិធីសំណេះសំណាលសាកសួរសុខទុក្ខ ប្រោសព្រះរាជទាននូវព្រះរាជអំណោយផ្សេងៗ មានស្បៀងអាហារ សម្លៀកបំពាក់ សម្ភារៈសិក្សា ថវិកាជាដើម ប្រោសព្រះរាជទានដល់កុមារនៅតាមទីកន្លែងនានាជាបន្តបន្ទាប់។

ពិសេសទៅទៀត ព្រះករុណាព្រះមហាក្សត្រ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវសមិទ្ធផល ព្រះរាជអំណោយដ៏ឧត្តុងឧត្តម ជាសំណង់អគារសិក្សា អគារមន្ទីរពេទ្យ អគារពិនិត្យសុខភាព និងការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ជាដើម ជួយទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យ និងដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ដើម្បីសុខភាព ជីវភាព និងចំណេះដឹងរបស់កុមារ បានស្ថិតក្នុងសេចក្តីសុខ សុភមង្គល និងបានក្លាយជាពលរដ្ឋដ៏ប្រសើរដែលមានគុណប្រយោជន៍ចំពោះសង្គមជាតិ។

ក្នុងឱកាសដ៏ប្រពៃនេះដែរ អ្នកគ្រប់គ្រង មានរដ្ឋបាល មេដោះ និងគ្រូបង្រៀន ព្រមទាំងកុមារកំព្រា បានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់ជនរួមជាតិជាកូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ៕