(ព្រៃវែង)៖ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យដូចពេលបច្ចុប្បន្ន ប្រជាជនមានជីវភាព​ធូរធា និងសំបូរសប្បាយ គឺដោយសារតែការ​ដឹក​នាំ​ របស់​គណបក្ស​ប្រជាជនកម្ពុជា ដូច្នេះសមាជិក​សមា​​ជិកា​បក្សត្រូវចេះរួបរួមសាមគ្គីគ្នា ចុះបម្រើប្រជាពលរដ្ឋ កុំជឿតាមការញុះញ៉ុងអកុសល ដែលនាំឱ្យប្រទេសជាតិ​ ធ្លាក់​ចូល​ក្នុងគ្រោះមហន្តរាយ ដូចក្នុងរបរប្រល័យពូជសាសន៍ប៉ុលពត។

នេះជាលើកឡើង​របស់លោក ប៉ុល ពិធេយ្យ ប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ឃុំ​ពពឺស ស្រុកស្វាយអន្ទរ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ​ជាង​៨០០​នាក់ ស្ថិតក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ២០១៦។

ក្រោយពីលោក ពា ហោ ប្រធានគណៈកម្មាធិការគណបក្សឃុំពពឺស ធ្វើរបាយការណ៍ស្វាគមន៍ និងលោក ភោគ សុផល អនុប្រធានគណៈកម្មាធិការបក្សស្រុកស្វាយអន្ទរ ឡើងអាននូវខ្លឹមសារនៃមហា​សន្និបាតរួចមក លោក ប៉ុល ពិធេយ្យ បានផ្តាំផ្ញើនូវការនឹករលឹក ពីសំណាក់លោក នេត សាវឿន ប្រធានក្រុមការងារចុះ​ជួយ​ស្រុក​ស្វាយអន្ទរ ជាពិសេសសម្តេចក្រឡាហោមសខេង ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់​នៅ​ប្រចាំ​​ថ្ងៃ របស់បងប្អូនគ្រប់ពេលវេលា។

លោកបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំ និងនយោ​បាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា គឺបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ឋនានា នៅក្នុងប្រទេស បាន​នឹង​​កំពុងតែរីកដុះដានជាបន្តបន្ទាប់គួរជាទីមោទនៈ ប្រជាពលរដ្ឋមានជីវភាពធូរធា មានចំណេះដឹង​កាន់​តែច្រើន និងដើរទន្ទឹមគ្នាជាមួយបច្ចេកវិទ្យារីកចំរើន​ ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានលើកឡើងអំពីគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន ដែលបានឆក់យកជីវិតយ៉ាង​ឆាប់រហ័ស និងធ្វើផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដែលនាំឱ្យបាត់បង់ជីវិត និងខាតបង់ថវិការ៕