(ព្រៃវែង)៖ មន្ត្រីជំនាញសុខាភិបាល ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព «ឌឹម ផល្លីន» ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យអ្នកជំងឺ រួមនឹងគ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលនៅក្នុងគ្លីនិកនេះទាំងអស់ ធ្វើចត្តាឡីស័ក ក្នុងមន្ទីរសម្រាកព្យាបាល មិនឱ្យចេញក្រៅឡើយ និងផ្សារព្រៃព្នៅ ស្រុកពារាំង ក្រោយអ្នកជំងឺចូលព្យាបាល និងចូលទិញទំនិញ។

ករណីបិទមន្ទីរសម្រាកព្យាបាល និងសម្ភព «ឌឹម ផល្លីន» បន្ទាប់ពីអ្នកជំងឺកូវីដ១៩ ម្នាក់បានស្លាប់ នៅរសៀលថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ម្សិលមិញ ខណៈបានបញ្ជូនបន្តទៅសង្គ្រោះនៅភ្នំពេញ។

អ្នកជំងឺកូវីដ១៩ ដែលស្លាប់ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ វិជ្ជមានកូវីដ១៩) និងមានអ្នកឆ្លងចំនួន ២នាក់ផងដែរ។

*ទី១៖ ឈ្មោះ សុខ សុន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ធវិជ្ជមានកូវីដ១៩) ធ្វើចត្តាឡីស័កនៅភ្នំពេញ។
*ទី២៖ ឈ្មោះ សារិទ្ធ ចាន់នឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាកូនប្រុសបង្កើត វិជ្ជមានកូវីដ១៩) ធ្វើចត្តាឡីស័ក នៅភ្នំពេញ។

បើតាមលោកវិជ្ជបណ្ឌិត ឌឹម ផល្លីន ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «ឌឹម ផល្លីន» បានលើកឡើងថា អ្នកជំងឺដែលស្លាប់ខាងលើគឺបានចូលមកព្យាបាល ក្នុងមន្ទីរពេទ្យ របស់លោករយៈពេល៣យប់ ដោយពុំដឹងថា រូបគាត់វិជ្ជមានកូវីដ១៩នោះទេ។

លុះដល់ព្រឹកទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺឈ្មោះ គង់ សារិទ្ធ មានស្ថានភាពគួរឱ្យសង្ស័យ និងធ្ងន់ធ្ងរ ទើបលោកតម្រូវឱ្យ ទៅព្យាបាលបន្តនៅភ្នំពេញ លុះដល់រសៀលថ្ងៃដដែល ស្រាប់តែ ឮព័ត៌មានថាគាត់ស្លាប់ហើយ ដោយលទ្ធផលវិជ្ជមានកូវីដ១៩ ទៀតផង។

បើតាមលោក ហុី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «រហូតដល់ពេលនេះ អាជ្ញាធរបានសម្រេចបិទផ្សារព្រៃព្នៅ (ផ្សារក្រមួន) ឃុំព្រៃព្នៅ និងគ្លីនិក «ឌឹម ផល្លីន» ដែលពាក់ព័ន្ធទៅនឹងអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញ និងអ្នកជំងឺកូវីដម្នាក់ទៀត បានសម្រាកព្យាបាលនៅគ្លីនិកនេះ ហើយបានស្លាប់ខណៈដែលបញ្ជូនទៅភ្នំពេញ»។

លោកបានបន្តថា ចំពោះផ្សារព្រៃព្នៅ ត្រូវបានហ៊ុព័ទ្ធ និងរកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលដើម្បីធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីត១៩ ឱ្យបានត្រឹមត្រូវផងដែរ ចំណែកឯគ្លីនិក «ឌឹម ផល្លីន» វិញក៏តម្រូវឱ្យធ្វើចត្តាឡីស័កទាំងបុគ្គលិកពេទ្យ និងគ្រួសារឌឹម ផល្លី មានចំនួន១២នាក់ តែការធ្វើតេស្តយកសំណាកលើកទី១ គឺអវិជ្ជមានទាំងអស់។

លោកអភិបាលស្រុកពារាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដឹងខ្លួនថាបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ សូមប្រញាប់ទៅធ្វើតេស្តឱ្យបានទាន់ពេលវេលាជៀសវាងការចម្លងដល់អ្នកដទៃ ហើយសូមបន្តអនុវត្តន៍វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣ ការពារ និង៣» កុំបើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម៕