(តាកែវ)៖ អាជ្ញាធក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានបិទជាបណ្តោះអាសន្ន ចំពោះមន្ទីរសម្រាកព្យាបាល និងសម្ភព «សោ សុខុម» មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីមានអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលសម្រាកព្យាបាលនៅកន្លែងនេះ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងថា ការបិតមន្ទីរសម្រាកព្យាបាល «សោ សុខុម» ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអ្នកជំងឺម្នាក់បានចូលសម្រាកព្យាបាលនៅកន្លែងនេះ កាលពីថ្ងៃទី៣០ ខែឧសភា ហើយបានវិលត្រលប់ទៅផ្ទះក៏ត្រូវបានបញ្ចូនមកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ អ្នកជំងឺដែលស្លាប់ក៏ត្រូវបានធ្វើតេស្ត ហើយរកឃើញមានផ្ទុកជំងឺកូវីដ១៩។

បើតាមលោកអភិបាលក្រុងដូនកែវ បានបន្តយ៉ាងដូច្នេះថា៖ «មន្ទីរសម្រាកព្យាបាលនេះនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ហើយអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយនឹងត្រូវយកសំណាកទៅពិនឹត្យរកមេរោគកូវីដ១៩ ផងដែរ»