(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ ក្នុងនោះគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ និងគម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៤ សរុបទុនវិនិយោគប្រមាណជាង ៨៥.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង២នោះ រួមមាន៖

១៖ ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

២៖ ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង៕