(ស្ទឹងត្រែង)៖ អាវភ្លៀងដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង យកចែកជូនដល់នាយ និងពលអាវុធហត្ថគ្រប់ៗរូប របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី តំណាងមន្ត្រី និងពលអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ៗរូប។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានគូសបញ្ជាក់ទៀតថា ក្រៅពីផ្គត់ផ្គង់គោលរបបលើកទឹកចិត្តផ្សេងៗ មានថវិកានិងសម្ភារនោះ គឺនៅរដូវវស្សាសម្តេចបានចែកអាវភ្លៀងរីឯនៅរដូវរងារ សម្តេចបានចែកអាវរងារជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនមន្ដ្រី និងពលអាវុធហត្ថគ្រប់ៗរូប។

បន្ថែមពីនេះ លោកបានណែនាំអាវុធហត្ថទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច ស្របទៅតាមបទបញ្ជាពិសេសត្រូវទប់ស្កាត់ឲ្យបាន នូវបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសធនធានធម្មជាតិ និងបទល្មើសគ្រឿងញៀនខុសច្បាប់។ ជាមួយគ្នានោះ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕