(បរទេស)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសដាណឺម៉ាក បានជួយដល់សហរដ្ឋអាមេរិក ក្នុងការលួចប្រមូលទិន្នន័យ និងតាមដានសកម្មភាពទាំងឡាយក្រុមអ្នកនយោបាយសំខាន់ៗរបស់អ៊ឺរ៉ុប ដោយក្នុងនោះ ត្រូវបានគេដឹងថា ក៏មានលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារចារកម្ម និងការពារជាតិរបស់ដាណឺម៉ាក (FE) បានសហការជាមួយនឹងទីភ្នាក់ងារស៊ើបការសង្ងាត់របស់សហរដ្ឋអាមេរិក (NSA) បានប្រមូលទិន្នន័យ និងតាមដានសកម្មភាពអ្នកនយោបាយសំខាន់ៗរបស់អ៊ឺរ៉ុប ដែលសម្មភាពនេះត្រូវបានធ្វើឡើងយ៉ាងស្ងាត់ចាប់ពីចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។

វិទ្យុ DR របស់ដាណឺម៉ាក បានផ្សាយថា FE បានសហការគ្នាយ៉ាង NSA ក្នុងការប្រមូលទិន្នន័យទាំងនោះជាមួយគ្នា ដោយទិន្នន័យសម្ងាត់ដែលពួកគេប្រមូលបាន មានក្រុមអ្នកនយោបាយសំខាន់ៗក្នុងប្រទេសអាល្លឺម៉ង់ បារាំង ស៊ុយអែត និងន័រវេស។

សកម្មភាពនេះត្រូវបានគេមើលឃើញថា វាស្រដៀងគ្នាទៅនឹងឆ្នាំ២០១៣ នៅគ្រាដែលលោក Edward Snowden អតីតបុគ្គលិក NSA បានទម្លាយនូវរឿងអាថ៌កំបាំងគ្រប់យ៉ាងពាក់ព័ន្ធនឹងអាមេរិក បានតាមដានរាល់សកម្មភាពអ្នកនយោបាយទាំងនៅអឺរ៉ុប និងអាស៊ី ហើយនៅពេលនេះ លោក Edward Snowden កំពុងតែរត់គេចខ្លួន និងត្រូវបានគេដឹងថា លោកកំពុងសង្ងំពួននៅក្នុងប្រទេសរុស្ស៊ី៕