(ភ្នំពេញ)៖ មួយថ្ងៃមុនពេលតុលាការប្រកាសសាលក្រម លើសំណុំរឿងយុវជន គង់ រ៉ៃយ៉ា អតីតនិស្សិតសាកលវិទ្យាល័យខេមរៈ ដែលត្រូវចាប់ខ្លួនបន្ទាប់ពីអំពាវនាវ ធ្វើបដិវត្តន៍ពណ៌នោះ មិត្តភ័ក្តរបស់គេមួយក្រុម បានធ្វើលិខិតស្នើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយអន្តរាគមន៍ជួយដោះលែង ជនជាប់ចោទ។

សាលក្រមរបស់ គង់ រ៉ៃយ៉ា នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ។ នៅក្នុងសវនាការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈរូបនេះ បានទទួលស្គាល់ទោសកំហុសរបស់ខ្លួនថា ពិតជាបានអំពាវនាវ ឲ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម Facebook ប៉ុន្តែបានស្នើឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបគេ។

នៅក្នុងលិខិតរបស់ក្រុមនិស្សិតដែលស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ និង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរាប់រាប់ថា «យុវជននេះមានអាកប្បកិរិយាល្អ មិនដែលបង្កការរំខាន ឬធ្វើសកម្មភាពអ្វីមួយ ដែលប៉ះពាល់ដល់សង្គមឡើយ។ ម្យ៉ាងទៀត យើងខ្ញុំជឿជាក់ថា យុវជន គង់ រ៉ៃយ៉ា ពិតជាមិនមានបំណងធ្វើឱ្យមានចលាចលនៅក្នុងសង្គមដូចការចោទប្រកាន់នោះទេ គឺគ្រាន់តែបញ្ចេញមតិផ្ទាល់ក្នុងនាមយុវជនម្នាក់សិក្សានៅឆ្នាំមូលដ្ឋាន ដែលមានការយល់ដឹងនូវអត្ថន័យនៃពាក្យ បដិវត្តន៍ពណ៌ នៅមានកម្រិតប៉ុណ្ណោះ។ ជាពិសេស គង់ រ៉ៃយ៉ា មិនមានខ្សែបណ្តាញ និងតួនាទីសំខាន់នៅក្នុងសង្គម ហើយមិនធ្លាប់បង្កចលាចលណាមួយ ក្នុងសង្គមដែរ ពោលគឺពុំមានលទ្ធភាពក្នុងការធ្វើឱ្យមានភាពវឹកវរដល់សង្គមឡើង»

យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រ កាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែ ទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល។

យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុកការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម៕