(ព្រៃវែង)៖ រយៈពេលមួយថ្ងៃ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ថ្មី បន្ថែមទៀតគិតត្រឹមយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តនេះ។

ការរកឃើញអ្នកឆ្លងថ្មីនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុងស្រុកចំនួន៦ ដូចខាងក្រោម៖
១៖ ក្រុងព្រៃវែង ចំនួន១៣នាក់
២៖ ស្រុកព្រះស្ដេច ចំនួន២៦នាក់
៣៖ ស្រុកបាភ្នំ ចំនួន១៤នាក់
៤៖ ស្រុកពាមជរ ចំនួន៤នាក់
៥៖ ស្រុកមេសាង ចំនួន៧នាក់
៦៖ ស្រុកកំពង់ត្របែក ចំនួន១នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៦៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ អាជ្ញាធរអំពាវនាវ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕