(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ០៦ខេត្ត។

ខេត្តទាំង ៦នោះ រួមមាន៖ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង កំពង់ធំ និងខេត្តរតនគីរី។

នៅក្នុងឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តគិតគូរទៅដល់ក្រុមគ្រូពេទ្យរបស់យើង មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការនានាសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ទេ ក៏ប៉ុន្តែសម្តេចតែងគិតអំពីសុខទុក្ខរបស់គ្រូពេទ្យ។ និយាយដោយឡែក សម្តេចតេជោដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការផ្តល់ការចាក់វ៉ាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅក្នុងផែនការគោលកំណត់ ១០លាននាក់។

លោកស្រីបានថ្លែងទៀតថា «សម្តេចតេជោក៏បានស្វែងយល់ ហើយក៏បានយល់ពីផលលំបាករបស់ក្រុមគ្រូពេទ្យរបស់យើង ដែលផ្តល់នូវការចាក់វ៉ាក់សាំងនេះ។ ដោយសារយើងមានតម្រូវការនៃការចាក់ច្រើន បងប្អូនប្រជាពលរដ្ឋច្រើន បើនិយាយដោយឡែកបច្ចុប្បន្ននេះ យើងកំពុងចាក់ស្រោចនៅរាជធានីភ្នំពេញ តាមការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗយើងបានបាន៤ទៅ៥ម៉ឺននាក់លើសពីផែនការកំណត់របស់យើងទៀត»។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្តទាំង៦ ដែលទទួលបានសម្ភារនៅពេលនេះ គឺយកទៅប្រើប្រាស់ឲ្យចំទិសដៅដើម្បីបម្រើនូវកិច្ចការងារផ្សេង និងដាក់បញ្ចូលនៅក្នុងបញ្ជីសារពើភ័ណ្ឌឲ្យបានត្រឹមត្រូវផងដែរ៕